BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Sunday, October 7, 2018

ហាងរបស់ខ្ញុំ


   សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះបានមកសរសេរអត្ថបទៀតហើយ ហើយមានតែរឿងដដែលទេ មិនមានរឿងអ្វីថ្មីឡើយ។ អ្នកទាំងអស់គ្នាដែលធ្លាប់អានអត្ថបទរបស់ខ្ញុំមានធ្លាប់ឆ្ងល់ទេ ហេតុអ្វីពេលដែលខ្ញុំសរសេរអត្ថបទម្តងៗ ជាពេលដែលលក់មិនដាច់អ៊ីចឹង តើសព្វថ្ងៃខ្ញុំរកស៊ីអ្វី រកស៊ីរយៈពេលប៉ុន្មានឆ្នាំហើយ ដូច្នេះហើយ ថ្ងៃនេះខ្ញុំចង់សរសេរ អំពីហាងរបស់ខ្ញុំ ចង់អោយអ្នកទាំងអស់គ្នាដឹងថា ខ្ញុំបរាជ័យប៉ុណ្ណា។
   ឥលូវខ្ញុំចាប់ផ្តើមនិទានហើយណា កាលពីអំឡុងឆ្នាំ90ជាងម្តាយខ្ញុំជាអ្នកលក់អីវ៉ាន់ក្មេងលេង (Toy) រហូតមកដល់ឆ្នាំ2000 គ្រួសាររបស់ខ្ញុំបានផ្លាស់ប្តូរមករស់នៅឯទីរួមខេត្តពោធិ៍សាត់ គាត់ចាប់ផ្តើមជាមួយអាជីបជាអ្នកលក់អាហារពេលព្រឹក ដែលភាគច្រើនគេលក់បានសាច់ជ្រូ សាច់មាន់ កាហ្វេ អីហ្នឹងបន្ទាប់មកដោយឃើញថាវាមិនសូវជាកាក់កប គាត់ប្តូរមកបើកជាកន្លែងលេងបុកបីយ៉ា (Pool) ដែលកាលមុនរបសនេះជារបរស្របច្បាប់នៅឡើងទេ ។ លុះក្រោយមកយើងបានប្តូរទីតាំងមកបើកហាងនិយាយទូរសព្ទ ដែលកាលសម័យមុនការនិយាយ
មានតំលៃថ្លៃម្នាក់ៗមិនទាន់មាលទ្ធភាពទិញប្រើផ្ទាល់ខ្លួន យូរៗទៅយើងក៏វិវឌ្ឍន៍មកជាហាងលក់ទូរសព្ទ ប៉ុន្តែពេលនោះមិនទទួលជោគជ័យទេ ដោយសារតែយើងមិនហ៊ានទទួលទិញទូរសព្ទមួយទឹកចូលវិញ ហើយយើងភាគច្រើនលក់តែទូរសព្ទចិន រហូតមកដល់ឆ្នាំ2016 ទើបយើងចាប់ផ្តើមលក់នៅផលិតផលថ្មីៗដែលមានគុណភាពខ្ពស់ ដូចជា Apple Samsung Huawei Oppo ជាដើម។ ការលក់សព្វថ្ងៃមិនជាជោគជ័យច្រើនទេ តែវាជោគជ័យជាងពីអតីតកាលដ៏ជូរចត់របស់យើង ដែលកាលពីអតីតកាលយើងលក់បង់តែការប្រាក់មិនចង់គ្រប់ផង។ ហេតុផលខាងលើនេះហើយដែលធ្វើអោយគ្រួសារយើងធ្លាក់ក្នុងវិបត្តសេដ្ឋកិច្ចធ្ងន់បែបនេះ ម៉ាក់មួយថ្ងៃៗមិនដែលសប្បាយចិត្តទេ ព្រោះការលក់មិនបានចំណូលគ្រប់គ្រាន់ ព្រោះការលក់របស់ដែលមានគុណភាពមិនល្អមិនអាចអោយយើងចំណេញខ្ពស់បានទេ ព្រោះវាប្រើប្រាស់មិនបានយូរ ជួនកាលមិនទាន់បានលក់ផង ខូចបាត់ទៅហើយ បើខូចមានន័យថាខាត តើយើងទៅរកប្រាក់ចំណេញមកពីណាទៅ។ មួយទៀតវិញនោះគឺហាងយើងកាលពីមុនមិនមានលក់ គ្រឿងបន្ទាប់បន្សំផ្សេងៗទេ (Accessories) ដែលមានដូចជាឆ្នាំសាក កាស និងគ្រើងផ្សេងៗទៀត រហូតមកដល់ឆ្នាំ 2013 ទើបយើងចាប់ផ្តើមលក់ Smart Phone និងកាត់បន្ថយនៅការលក់ទូរសព្ទចិន ។ ការផ្លាស់ប្តូរមកលក់ Smart Phone កាលនោះក៏មិនបានអោយយើងទទួលនៅប្រាក់ចំណេញច្រើនដែរ ព្រោះទូរសព្ទដែលយើងលក់ពេលនោះជាប្រភេទពពួក តំឡើងថ្មី (Refurbished Phone) ដែលមាននៃថាទូរសព្ទគឺត្រូវបានជួសជុលហើយដាក់លក់សារជាថ្មី តែវាមិនមែនជួសជុលដោយក្រុមហ៊ុនទេ គឺវាជួសជុលតំឡើងសំបកថ្មី ដោយហាងដែលបាននាំចូល ចឹងហើយគុណភាពវាមិនសូវជាល្អប៉ុន្មានទេ វាក៏មិនខុសពីទូរសព្ទរបស់ចិនដែរ ការលក់បែបនេះវាបានបន្តមកដល់ ចុងឆ្នាំ 2016 ដោយមើលឃើញថាស្ថិតិការលក់របស់យើងមានការកើនឡើងនោះ ពួកយើងបានពិភាក្សាគ្នាដើម្បីខ្ចីលុយធនាគាមកបន្ថែមនៅដើមទុន ពេលនេះហើយដែលជីវិតយើងបានផ្លាស់ប្តូរតែវាមិនបានផ្លាស់ប្តូរច្រើនទេ តែវាល្អជាកាលពីមុនដែលយើងរកលុយបង់ការប្រាក់មិនចង់គ្រប់ បានប្តូរមកជាបង់ទាំងដើមនិងការគ្រប់សម្រាប់ខែនីមួយៗ។ លទ្ធនេះបើយើងមើលទៅវាល្អវាធ្វើអោយយើងមានអារម្មណ៍ធូស្បើយជាងមុន តែបើយើងសំលឹងមើលទៅពេលអនាគតវិញវាមិនល្អទេ ព្រោះថាយើងរកមកបង់តែធនាគាមិនមានសល់ដើម្បីពង្រីកហាងនិងការជួសជុលហាងឡើង ហេតុដែលខ្ញុំនិយាយដូចនេះព្រោះហាងរបស់គេបានរីកធំធាត់អស់ហើយ មានតែហាងខ្ញុំទេដែលរកប្រាក់មបានត្រឹមតែដោះស្រាយវិបត្តិគ្រួសារ។ តែយ៉ាងណាក៏វាល្អដែរ តែខ្ញុំមិនចង់ល្អត្រឹមនេះឡើយខ្ញុំចង់ល្អជាងនេះ ខ្ញុំចង់មានអតិថិជនច្រើនជាងនេះ ដូចនេះហើយខ្ញុំត្រូវតែខំប្រឹង ដើម្បីគ្រួសារខ្ញុំ។
   ជាចុងបញ្ចប់ ខ្ញុំមានតែពាក្យថា ខ្ញុំសូមអរគុណអតិថិជនទាំងអស់គ្នាដែលតែងតែគាំទ្រហាងខ្ញុំតាំងដើមមក បើគ្នាអ្នកទាំងអស់គ្នាទេ ហាងរបស់ខ្ញុំមិនអាចរស់បានមកដល់ថ្ងៃនេះទេ ប្រហែលជាក្ស័យធុនបាត់ទៅហើយ។ ហេតុផលដែលយើងសម្រេចជោគជ័យមានដល់ថ្ងៃនេះគឺមកពីការហ៊ានប្រថុយ ដើម្បីទទួលបាននៅលទ្ធផល។ ម្តាយខ្ញុំជាអ្នកដែលខ្លាចនិងមិនចង់ខ្ចីលុយធនាគាឡើយ តែបើពេលនោះយើងមិនហ៊ានសាកល្បង យើងក៏មិនបានលទ្ធផលអ្វីដែរ។ ចុងក្រោយខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាត្រូវតែហ៊ាន ប្រថុយ ហ៊ានសាកល្បងគំនិតថ្មីៗ ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវសាកល្បងអោយបានច្បាស់ ដើម្បីអោយការហ៊ានសាកល្បងរបស់យើងទទួលនៅលទ្ធផលវិជ្ជមាន៕







No comments:

Post a Comment