BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Friday, August 17, 2018

ពូខ្ញុំ


    សួស្តីមិត្តអ្នកអានទាំងអស់គ្នា! ថ្ងៃនេះខ្ញុំមិនមានគំរោងនឹងមកសរសេរអត្ថបទទេ ប៉ុន្តែអោយសារតែថ្ងៃខ្ញុំបានឃើញនៅ Post មួយនៅក្នុង Facebook ធ្វើអោយខ្ញុំរន្ធត់ចិត្តមែនទែន គឺខ្ញុំបានឃើញគេ Comment នៅរូបរបស់ពូខ្ញុំដែលគាត់បានបែកក្បាលអស់មួយចំហៀង។ ខ្ញុំស្ទើរតែភ្លេចថាពូខ្ញុំគាត់ឈឹបាត់ទៅហើយ ព្រោះខ្ញុំមិនសូវបានទៅសួរសុខទុក្ខគាត់ទេព្រោះតែរវល់តែជួយម៉ាក់នៅហាង តាមពិតមិនជារវល់ណាស់ណាទេគ្រាន់តែម៉ាក់ខ្ញុំគាត់មិនអោយខ្ញុំទៅ ព្រោះរៀងរាល់ពេលដែលគាត់ទៅលេង គាត់ហាមមិនអោយខ្ញុំទៅជាមួយទេដើម្បីអោយខ្ញុំនៅបិទហាង។ និយាយទៅពេលដែលឃើញរូបគាត់ពិតជាធ្វើអោយខ្ញុំភ្ញាក់ខ្លួនថាជាក្មួយមិនល្អម្នាក់ ព្រោះតាំងពីគាត់ឈឺមកខ្ញុំមិនសូវបានទៅមើលគាត់ទេ តាំងពីពេលគាត់នៅមន្ទីពេទ្យរហូតដល់គាត់ចេញពីមន្ទីពេទ្យមកវិញ។


    ពូខ្ញុំគាត់ឈ្មោះ ហ៊ុន វណ្ណាត សព្វថ្ងៃគាត់ជាគ្រូបង្រៀនផង និងជាអ្នករកស៊ីបន្តិចបន្តួចផងនៅផ្ទះ គ្រាន់ចិញ្ចឹមគ្រួសារ។ គាត់ជាកូនទី4 ហើយក៏ជាកូនទី៣ដែរ ព្រោះតែគាត់បានកើតដល់ទៅពីរជាតិឯណោះ និយាយទៅប្រហែលជាអ្នកមិនជឿរខ្ញុំទេមើលទៅ​ ប៉ុន្តែខ្ញុំនិយាយនេះគឺជាការពិត គាត់បានកើតជាម្តងហើយ ហើយគាត់បានស្លាប់ទៅវិញដោយសារតែជំងឺកញ្រ្ឋិល ហើយគាត់បានចាប់ជាតិមកវិញម្តងទៀតក្នុងគ្រួសាររបស់គាត់ដដែល មូលហេតុដែលយើងជឿរថាគាត់ចាប់ជាតិមកវិញ ព្រោះចាំគ្រប់រឿងនៅជាតិមុនរបស់គាត់។ គាត់សព្វថ្ងៃមានជិត 40 ហើយប៉ុន្តែមិនទាន់មានប្រពន្ធទេដោយសារតែគាត់មិនទាន់ត្រូវចិត្ត មានគេស្រលាញ់គាត់ច្រើន តែប្រហែលជាមិនទាល់ដល់គូររបស់គាត់ទើបគាត់នៅលីវមកដល់ពេលនេះ នៅលីវដូចក្មួយគាត់ដែរហិហិ។ គាត់ជាមនុស្សចិត្តល្អណាស់ ចូលចិត្តធ្វើបុណ្យ ចូលចិត្តជួយគេ មានពេលម្តងខ្ញុំពិតជាខឹងគាត់ណាស់ខឹងមែនទេ កាលហ្នឹងគាត់ជិះម៉ូតូទៅលេងស្រុកកំណើតជាមួយខ្ញុំហើយគាត់ជិះទៅក៏បានអ្នកសុំទានម្នាក់ គាត់ជិះហួសហើយគាត់បែរជិះបកក្រោយវិញហើយហុចលុចអោយមីងហ្នឹង10000រៀល ពេលហ្នឹងខ្ញុំខឹងមែនទែន ខ្ញុំមិនជំទាស់គាត់អោយលុយទៅអ្នកសុំទានទេ ខ្ញុំខឹងគាត់អោយលុយមនុស្សខុស មីងហ្នឹងជាមនុស្សដែលបោកគេ ដើរតែនិយាយថាសុំលុយទៅស្រុកវិញ ហើយម្តងមិនចេះតិចទេសុទ្ធតែ 5000រៀល ឬ 10000រៀល បើអ្នកឯងអោយ2000 អីថាអោយវិញទៀត ថាអោយជិះសុទ្ធតែឡានអោយ 2000រៀល មួយទៀតវាមិនដែលម៉ែអាណាសុំលុយរាប់ឆ្នាំហើយមិនទាន់គ្រប់លុយទៅស្រុក :-D អានេះជារបររបស់គេមិនដឹងធ្វើម៉ិចដែរ បើខ្ញុំវិញមិនអោយទេ។ និយាយពីខ្ញុំវិញគាត់សង្ហារគ្រាន់បើដែរសង្ហារបែបអ្នកជនបទ ហាសហា គ្រាន់តែស្គមបន្តិច តែខ្ពស់ណាស់ បងប្អូនខ្ញុំសុទ្ធតែខ្ពស់ អត់តែខ្ញុំទេទាបកំពស់ 1,68ម៉ែត្រ ហាសហា នឹកឃើញរឿងកំពស់អន់ចិត្តហ្មង ធ្វើម៉ិចកើតមកមិនសូវខ្ពស់ដូចគេ កើតមកមិនសូវមិនមែនជាកំហុសរបស់ខ្ញុំទេ តែកើតមកហើយធាត់ទើបជាកំហុសរបស់ខ្ញុំព្រោះថាសព្វថ្ងៃនេះទំងន់ប្រហែល 102 គីឡូក្រាមហើយ ចង់ស្រក់វិញណាស់ ។



    Hmmmmmm! ពេលនេះគាត់លែងសង្ហារដូចមុនទៀតហើយព្រោះ កាលពីប៉ុន្មានខែមុនគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែគាត់ជិះម៉ូតូមិនបានពាក់មួយសុវត្ថិភាព រាល់ដងគាត់ពាក់មកធ្វើការជាធម្មតា តែថ្ងៃដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បែជាគាត់មិនបានពាក់ទៅវិញ ពិតជាស៊យណាស់។ ខ្ញុំនៅចាំថាថ្ងៃដែលគាត់គ្រោះថ្នាក់គឺជាថ្ងៃដែលពួកយើងជួបជុំគ្រួសារនៅឯស្រុកកំណើតរបស់ប៉ាម៉ាក់ខ្ញុំ ថ្ងៃនោះពួកយើងពិតជាសប្បាយមែនទែន តែពេលនោះគាត់មិនបាននៅជុំជាមួយពួកយើងទេគឺគាត់បានទៅខេត្តដើម្បីបំពេញបេសកម្មមួយ ពួកយើងគ្រប់គ្នារួមទាំងមិត្តរួមការងាររបស់គាត់បានឃាត់គាត់អោយនៅសម្រាកនៅខេត្តទៅ កុំត្រលប់ទៅផ្ទះវិញអីព្រោះយប់ហើយ ចាំព្រឹកចាំទៅវិញ ប៉ុន្តែពូគាត់មិនស្តាប់ទេ គាត់ត្រូវតែត្រលប់ទៅវិញយប់នោះ ប្រហែលជាគាត់មានការងារត្រូវធ្វើនៅផ្ទះហើយទើបគាត់ត្រូវទៅវិញទាំងយប់។ ពេលនោះហើយជាពេលដែលពួកយើងមិនស្មានថាវាកើតឡើងមកលើគ្រួសារយើង ពេលដែលម៉ាក់ខ្ញុំគាត់ត្រលប់មកផ្ទះរបស់យើងវិញប្អូនរបស់គាត់បានខលមកប្រាប់ថាបងណាតគាត់ដួលម៉ូតូហើយ ឃើញបែកក្បាលហើយក្អួតឈាមមិនឈប់សោះ ម៉ាក់គាត់មិនស្រួលក្នុងចិត្តគាត់ក៏ប្រញ៉ាប់យកពូមកមន្ទីពេទ្យខេត្ត មកដល់ចូលក្នុងបន្ទប់ពេទ្យគេថាពូខ្ញុំមិនអីទេគ្រាន់តែរបួសបន្តិចបន្តួចប៉ុណ្ណោះ។ យប់បន្តិចអ្នកដែលនៅមើលពូនៅមន្ទីពេទ្យបានប្រាប់ថា ពូគាត់មើលទៅអាការៈគាត់ដូចមិនស្រួលសោះ ក្អួតចេញឈាមមកមិនបាត់សោះ ម៉ាក់ខ្ញុំក៏បានអោយប្អូនខ្ញុំប្រញ៉ាប់យកទៅមន្ទីពេទ្យនៅឯរាជធានីភ្នំពេញវិញ ដោយយកឡានផ្ទាល់ខ្លួនតែម្តង ព្រោះរថយន្តសង្គ្រោះបន្ទាន់បានប្រើការអស់ហើយ មិនមានជំរើសគឺមានតែយកគាត់ដាក់ឡានរបស់យើងជូនគាត់ទៅ និយាយទៅពិតជាសំណាងខ្លាំងណាស់ដែលបានយកគាត់ទៅភ្នំពេញទាំងយប់ ហើយកាន់តែសំណាងទៀតនោះគឺគាត់មិនមានបញ្ហាពេលយើងបញ្ជូនគាត់មកភ្នំពេញ បើយប់នោះយើងយឺតតែ 2 ឬ 3 ម៉ោងពូរបស់ខ្ញុំប្រហែលជាលាខ្ញុំបាត់ទៅហើយ :-( ។ ទៅដល់ភ្នំពេញ គេបាន Scan ខួរក្បាល ពេទ្យបានប្រាប់ថា ពូត្រូវតែប្រញ៉ាប់ធ្វើការវះកាត់ឈាមកកក្នុងខួរក្បាលភ្លាម។ បន្ទាប់ពីវះកាត់ទទួលបានជោកជ័យ ពេទ្យបាន សន្និដ្ឋានជំហ៊ានដំបូងថា គាត់ពិបាកនិងដឹងខ្លួនណាស់ បើសិនជាដឹងក៏អាចជាមនុស្សរុក្ខជាតិ ពេលហ្នឹងពួកយើងភ័យណាស់ គ្មានអ្វីក្រៅពីអង្វរពេទ្យអោយគាត់ជួយព្យាបាលពូអោយជាសះស្បើយ ក្រៅពីពេទ្យយើងក៏បានធ្វើការបន់ស្រន់ទៅលើទេវតា អ្នកថែរក្សារសូមជួយអោយគាត់ឆ្លងផុតគ្រោះថ្នាក់មួយនេះ។ រំលងបាន7ថ្ងៃពូខ្ញុំក៏បានដឹងខ្លួនវិញ ពិតជាឆាប់រហ័សមែនទែន សូម្បីតែលោកគ្រូអ្នកគ្រូពេទ្យក៏គាត់សឹងតែមិនជឿរដែរ ព្រោះពូខ្ញុំគាត់ដួលបោកក្បាលប៉ះខួរក្បាលធ្ងន់ធ្ងរខ្លាំងណាស់ បន្ទាប់ពីដឹងខ្លួនវិញគាត់ភ្លេចអ្វីៗអស់ហើយ ភ្លេចឈ្មោះ ភ្លេចផ្ទះខ្លួន ភ្លេចទាំងក្មួយសំលាញ់ចិត្តរបស់គាត់ទៀត ( ក្មួយដែលទើបនិងកើត ឈ្មោះ វឌ្ឍនៈ ) គ្រាន់តែដឹងថាយើងជាសាច់ញាតិគាត់តែប៉ុណ្ណឹង។ តែយ៉ាងណាក៏យើងពិតជាសប្បាយចិត្តមែនទែនដែលបានឃើញគាត់ដឹងខ្លួន បានឃើញមុខគាត់ ឃើញស្នាមញញឹមរបស់គាត់ក៏យើងអស់ចិត្តដែរ តែយើងនៅតែសង្ឃឹម ក៏ដូចជាព្យាយាមព្យាបាលគាត់បន្ថែមទៀតដើម្បីអោយគាត់វិញទៅរកសភាពដើមវិញនៅថ្ងៃណាមួយជាមិនខាន។ ជាចុងក្រោយខ្ញុំគ្មានពាក្យអ្វីច្រើនទេ គ្រាន់ទទូចដល់អ្នកដែលធ្វើដំណើរតាមរយៈម៉ូតូ សូមពាក់មួយសុវត្ថិភាពជាដាច់ខាត ព្រោះបើមានការប៉ះទង្គិចបន្តិចបន្តួចគឺមិនមានបញ្ហាធំដំទេ ស្រលាញ់ជីវិតរបស់អ្នកពាក់មួកសុវត្ថិភាព៕











No comments:

Post a Comment