BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Sunday, October 7, 2018

ក្មេងមិនល្អ


   សួស្តីមិត្តអ្នកអានជាទីស្រលាញ‌់! ថ្ងៃខ្ញុំវិលមកសរសេរអត្ថបទមួយបន្ថែមទៀតហើយ។ មិនមែនដោយសារតែខ្ញុំមិនសប្បាយចិត្ត ខ្ញុំលក់មិនដាច់ទើបមកសរសេរអត្ថបទទេ គឺដោយសារតែយប់នេះខ្ញុំសប្បាយចិត្តពេកទើបចង់រំលឹកអតីតកាលដ៏គួរអោយស្អប់ខ្ពើមមួយមកនិយាយ គឺទាក់ទងនិងខ្លួនឯងតែម្តង :-D ។
   ថ្ងៃនេះខ្ញុំចង់រំលឹកពីអតីតកាលមួយកាលពីកុមារ បើនិយាយទៅគឺពីតូចរហូតដល់វិទ្យាល័យ។ ខ្ញុំឈ្មោះដារ៉ា ខ្ញុំកើតនៅក្នុងគ្រួសារមានជីវភាពធូធារមួយ បើមើលពីខាងក្រៅ ខ្ញុំគឺជាក្មេងដែលខូច មិនសូវចូលរៀនទេ គឺកាលពីក្មេងចូលចិត្តគេសាលាទៅមើល រឿងតុក្តា រឿងមនុស្សយន្ត ( Power Ranger , Kamen Rider ) បើក្រៅពីទៅមើលរឿងគឺមានតែគេចសាលាទៅលេងហ្គេម ហើយបើនិយាយពីកង់វិញ គឺបាត់មិនតិចទេ ទាំងនៅសាលានិងនៅហាងហ្គេម។ កាលពីក្មេងខ្ញុំចាយលុយខ្ជះខ្ជាយណាស់ គឺអាងតែម្តាយរកលុយបានចេះតែចាយមិនគីត តែតាមពិតស្ថានភាពយើងគឺមិនល្អទេ គាត់រកមិនសូវបានទេនៅពេលនោះ ប៉ុន្តែគាត់បានផ្តល់អោយខ្ញុំគ្រប់យ៉ាងនៅអ្វីដែលខ្ញុំចង់បាន។ ហេតុដូចនេះហើយទើបខ្ញុំចាយលុយមិនចេះស្តាយសោះ ចាយមិនគ្រប់លួចបន្ថែម លួចមិនតិចទេ មួយថ្ងៃ 10000 រៀល ចាយតែមួយថ្ងៃទេអស់ហើយ ទិញរបស់លេង ទិញនំ ទិញប្រហិត និងចាយវាយផ្សេងៗទៀត។ កាលពីខ្ញុំនៅតូចលុយត្រឹមតែ10000រៀល គឺច្រើនណាស់ បើគិតទៅ បាយស្រូបពេលព្រឹក មួយចានតែ500 ទៅ 1000 រៀលទេ បើនិយាយពីសាំងវិញគឺត្រឹមតែ 1500 រៀលក្នុងមួយលីត្រ បើប្រៀបធៀបជាមួយពេលនេះ 10000 រៀលពីមុនអាចស្មើរនិង 20000​ រៀល ទៅ 30000 រៀលក្នុងពេលនេះ។ កាលពីក្មេងខ្ញុំមិនចេះគិតទេ គិតតែពីចាយ ចាយរហូតចង់បានអីសុំ សុំមិនបានលួច លួចមិនចេះតិចទេ ចាយដូចកូនសេដ្ឋី ។ ខ្ញុំនៅចាំមានពេល ខ្ញុំចង់រៀនកុំព្យូទ័រ ខ្ញុំសុំគាត់ទៅរៀន គាត់ថាកុំទាន់អីនៅក្មេងណាស់ ប៉ុន្តែខ្ញុំមិនស្តាប់ទេ ខ្ញុំថែមទាំងបង់លុយទៅរៀនទៀត ប៉ុន្តែរៀនមិនបានប៉ុន្មានថ្ងៃទេ ខ្ញុំលែងទៅរហូតសូម្បីមិត្តភក្តិខ្ញុំក៏សួរដែរ ហេតុអ្វីមិនទៅរៀនទៀត។ នឹកឃើញរឿងពីក្មេងគឺពិតជាធ្វើអោយខ្ញុំស្អប់ខ្លួនឯងណាស់ ខឹងខ្លួនឯងណាស់ ខឹងរហូតមកដល់សព្វថ្ងៃ ហេតុអ្វីមិនខំរៀន ហេតុអ្វីចាយលុយមិនចេះគិត មិនចេះសន្សំ ចាយខុសគោលដៅ ទាំងម្តាយឪពុកខំរកលុយទាំងលំបាក ។ ងាកមកមើលពេលនេះវិញ ខ្ញុំមិនសូវបានចាយលុយដូចពីមុនទៀតទេ លុយពីបាករកណាស់ ខ្ញុំខំរកលុយជួូយម្តាយ គាត់ក៏ខំរកលុយផងដើម្បីដោះបំណុលគេ ដើម្បីគេចចេញពីភាពក្រ ពួកយើងមិនក្រដល់ថ្នាក់អត់អ្វីញ៉ាំទេ តែយើងជំពាក់បំណុលគេច្រើន យើងត្រូវចាយរិះខាំ សន្សំសំចៃ ដើម្បីរត់ចេញពីវិបត្តិមួយនេះ យើងចង់បានជីវភាពប្រសើរជាងសព្វថ្ងៃ។
   ចុងក្រោយនេះខ្ញុំមិនមានអ្វីសរសេរទៀតនោះទេ ព្រោះមិនមែនអ្នកពូកែតែងសេចក្តីផង តែអ្វីដែលខ្ញុំចង់បាន គឺចង់អោយអ្នកទាំងអស់គ្នាជួយ លើកទឹកចិត្តខ្ញុំផងដើម្បី អោយខ្ញុំបានសកម្មក្នុងការបញ្ចេញអត្ថបទថ្មីៗ អ្នកទាំងអស់គ្នាដឹងទេខ្ញុំខ្ចីលណាស់ ចង់អោយអ្នកទាំងអស់គ្នាគាំទ្រ ចង់ឃើញមានអ្នកអាន :-D ខ្ញុំដឹងថាមិនសូវមានអ្នកអានទេ ព្រោះខ្ញុំគ្រាន់តែសរសេរទុកក្នុង Blogger ហើយក៏មិនចង់ចែកចាយទៅណាដែរ គឺមានតែអ្នកដែលសំណាងទេទើបបានមកដល់ទីនេះ។ លាហើយអ្នកទាំងអស់គ្នាជួបគ្នាថ្ងៃក្រោយទៀត រីករាយក្នុងពីធីបុណ្យភ្ជុំបិណ្យ សូមជួបតែសំណាងល្អ៕

No comments:

Post a Comment