BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Monday, May 13, 2019

ទីបំផុត PS VITA របស់ខ្ញុំរស់វិញហើយ


  សួស្តីអ្នកអានជាទីស្នេហា 😂 ! ថ្ងៃនេះសរសេរទៀតហើយ ព្រោះថាអោយតែបានសរសេរមួយ ដឹងតែមាន 2 3 អត្ថបទថែមទៀតហើយ 😊 ។ ថ្ងៃនេះចង់សរសេរអំពី PS Vita ទើបតែរស់វិញ ដែលទើបតែរស់វិញមិនមែនវា ខូច ( Brick ) ទេណា តែមកពីវា JailBreak អត់បានអ៊ីចឹងដូចជាដុំថ្មអត់មានហ្គេមលេង ហើយហ្គេមគេលក់ថ្លៃទៀត 😒😒 សួរថាមានលុយមកពីណាទិញ ☹️ មួយហ្គេមសុទ្ធតែតំលៃចាប់ពី 30 ទៅ 40$ ឯណោះ 😭 ។
   តាមពិតទៅ PS Vita ដែលខូចនេះវាជា PS Vita ទី 2 របស់ខ្ញុំដែល អាទីមួយគឺជាប្រភេទ SLIM លេខកូដវា 2000 ពណ៌ទឹក្រូច ហើយអាទីពីរវិញគឺពណ៌ស ជាប្រភេទ SLIM ដូចគ្នា 😋 ។ PS Vita នេះដែរក៏ប៉ងទិញយូរហើយដែរ ដែលកាលហ្នឹងគឺរៀបហ្នឹងទិញហើយ ដែលកាលនោះនៅជាប្រភេទ FAT នៅឡើយទេ និយាយទៅគឺថាស្រលាញ់មែនទែន តាំងពីឆ្នាំ 2011 តាំងពីវាទើបតែផ្សព្វផ្សាយលើកដំបូង ពេលឃើញគឺថាពិតជាឡូយណាស់មាន Dual Analog ( ងាយស្រួលសំរាបការលេងបាញ់គ្នា ជាប្រភេទ FPS ) មានទាំង Touch មុខ មានទាំង Touch ខាងក្រោយ មានទាំង Camera មុន និង Camera ក្រោយ និយាយទៅថាកប់តែម្តង ❤️ បើនិយាយពីស្រលាញ់វិញគឺថា ពេញបេះដូងតែម្តង 🥰 ។ កាលហ្នឹងមើលទៅពិតជាឡូយមែនទែនហើយ បើនិយាយពីទូរសព្ទក៏មិនទាន់ខ្លាំងណាស់ណាដែរ ប៉ុន្តែគួរអោយសោកស្តាយ PS Vita មិនទទួលបានជោគជ័យប៉ុន្មានទេដោយសារតែ SONY ធ្វើហីៗដាក់ មិនសូវបានគាំទ្រផង ហើយ SONY ក៏មិនសូវផលិតហ្គេមជាប្រភេទផ្តាច់មុខ ( EXCLUSIVE ) នៅលើ PS Vita បូករួមជាមួយ Memory ឡប់ៗ ខុសគេ ខុសឯង មធ្យមងំ 😒 តំលៃវិញកប់ពពក 🤪 គ្រាន់តែទំហំ 32GB តំលៃ 75$ ខណៈដែរ Micro SD 32GB តំលៃខ្ទង់ 25$ ធ្វើអោយ PS Vita ដាំក្បាលចុះ គ្មានថ្ងៃងើបមុខឡើងដូចគេ វាជាបរាជ័យយ៉ាងអាម៉ាស់បំផុត ក្នុងប្រវត្តិសាស្រ្ត SONY INTERACTIVE ENTERTAINMENT ( PLAYSTATION ) ខណៈដែលម៉ាស៊ីនហ្គេមអាចយកតាមខ្លួនដំបូងរបស់ SONY ដែលយើងស្គាល់ថាជា PSP ( PLAYSTATION PORTABLE) លក់បានរហូតដល់ 82 លានគ្រឿងឯណោះ 😍 ចំណែកឯ PS Vita វិញមិនបាច់និយាយ លក់បានត្រឹមតែខ្ទង់ 15លានគ្រឿងប៉ុណ្ណោះ 😂 ខណៈដែល ម៉ាស៉ីនដែលអាចយកតាមខ្លួលបាន ( Portable ) គឺបានទៅលើ Nintendo DS ដែលលក់បានរហូតដល់ 154.02 លានគ្រឿង 😮 តាមពីក្រោយដោយ Gameboy / Gameboy Color របស់ក្រុមហ៊ុន Nintendo លក់បាន 118.69 លានគ្រឿង 🙄 ។ ចូលមកសាច់រឿងយើងវិញ PS Vita ដំបូងទិញគេតែ 100$ ទេ 😂 ដែលគេទិញមក 300$ ហើយលេងបានតែ 2 3 ខែក៏លក់វិញទៅ កាលទិញមកគឺនៅជំនាន់ ( Software Version ) 3.60 ហើយខ្ញុំបានតំលើងវាទៅ Enzo ដែលផលប្រយោជន៍គឺ គ្រប់ដែលយើងបិទបើកម៉ាស៊ីនឡើងវិញគឺមិនបាត់ Jailbreak ទេ ហ៊ឺមមមតែទិញមិនបានយូរទេជិតដល់ថ្ងៃខួបកំណើតប៉ា ក៏សម្រេចចិត្តថាលក់វាចោលហើយ ប្រមូលលុយទិញ JBL Boombox ជូនប៉ាព្រោះថាគាត់ស្រលាញ់ណាស់ 😊 ចង់បំពេញបំណងគាត់ ចង់ឃើញរីករាយ 😉 ។


PS VITA FAT MODEL: 1000 មានអេក្រង់ OLED

PS VITA SLIM MODEL 2000






រំលងបានប៉ុន្មានខែ ប្រហែលជាកន្លះឆ្នាំស្រាប់តែឃើញគេប្រកាសលក់ PS Vita មួយទឹកមកពីជប៉ុនក៏ប្រញ៉ាប់ខ្ចីលុយមិត្តភក្តិទិញវាមកវិញ មកទុកនៅផ្ទះ មិនអោយបាត់បង់ម្តងទៀតនោះទេ។ ពេលដែលទិញមកគឺ ពណ៌ ស ( White ) ដែលពណ៌ ស មួយទៀតមានប៊ូតុង Analog ពណ៌ខ្មៅហៅថា Glacier White ។ ពេលដែលទិញមកភ្លាមគឺវាមានជំនាន់ 3.68 ដែល Jailbreak រួចរាល់ដោយអ្នកលក់តាមរយៈ កម្មវិធីមួយគឺ H-ENCORE ការ Jailbreak នេះអាចអោយយើងលេងហ្គេមចំលង ( Pirate ) បានដោយគ្រាន់តែទាញយកមកបញ្ចូលជាការស្រេចមិនចំបាច់ចំណាយលុយទៅលើការទិញហ្គេមនោះទេ ។




ជំនាន់ 3.68 ការ Jailbreak នៅមានកំរិត គឺរាល់ពេលដែលយើងបិទបើកម៉ាស៊ីនសារថ្មី វាតម្រូវអោយយើងបើក កម្មវិធី H-Encore ជាមុនសិនទើបវាដំណើរការ Jailbreak វិញ ខុសពី Enso ។ រំលងបានប៉ុន្មានខែប្អូនដែលជាម៉ូយប្រចាំហាង 😂 គេប្រាប់ថាបងខ្ចី PS Vita លេងសិន ខ្ញុំក៏ផ្ញើរតាមមិត្តគេអោយ 😂 ស្រាប់តែទៅដល់ដៃគេចង់ធ្លាក់ថ្លើមក្តុកតែម្តង 😂 គេយកទៅតំលើងជំនាន់ ( Update Version ) ទៅ 3.69 ធ្វើ PS Vita ខ្ញុំក្លាយទៅជាដុំថ្ម 😓 លេងហ្គេមចំលង លែងបាន ស្អីក៏លេងលែងកើត បានត្រឹមតែតាំងនៅក្នុងបន្ទប់ 😁 ទើបតែថ្ងៃនេះទេ បានលោក Hacker ដ៏ល្បីនៅក្នុងសហគមន៍ PS Vita គឺលោក the_fl0w គាត់បញ្ចេញនៅកម្មវិធី ( Tool ) សំរាប់ Jailbreak ថ្មីនៅលើជំនាន់ 3.69 និង 3.70 ដែល កម្មវិធីនោះ មានឈ្មោះថា Trinity ដែលការ Jailbreak តម្រូវអោយយើងទាញយកហ្គេមសាកល្បង ( Demo ) របស់ PSP នៅក្នុង Ps Vita Store ទើបអាច Jailbreak បាន 😍😍។  មិនបង្អង់យូរគ្រាន់គេបញ្ចេញភ្លាម ខ្ញុំរៀបចំភ្លែតត្រៀមសំរាប់ការហែកគុកមួយនេះ ធ្វើលើកចុងក្រោយ ស្រាប់តែកំពុងតែធ្វើៗ ស្ទាបរកសោរឡានស្រាប់តែបាត់សោរឡាន 😂 គ្រាន់តែជិះរកវាអស់ជិតមួយម៉ោងសាំណាស់ ឆ្លៀតកូរឯងទៀតវាសនាមួយនេះលេងសើចមែន ។ គ្រាន់តែ Jailbreak បានភ្លាមមិនទុកយូរទេធ្វើការបញ្ចុះជំនាន់ ( Downgrade ) មកត្រឹមជំនាន់ 3.65 ព្រោះថាជំនាន់ 3.65 ក៏អាចដាក់ Enzo អោយដំណើរការបានដែរ 😍 ដែលការបញ្ចុះជំនាន់ គឺប្រើនៅកម្មវិធីមួយដែលមានឈ្មោះថា Modoru ជាភាសាជប៉ុនដែលបកមកថា ថយក្រោយ ដែល កម្មវិធី Modoru , Trinity , Enzo សុទ្ធតែបង្កើតឡើងដោយលោក the_fl0w ពិតជាអរគុណគាត់មែនទែន 😍 ។ ឥលូវនេះ PS Vita រស់វិញហើយដាក់ហ្គេមអស់ 64GB ឡើងពេញតែម្តងរកចន្លោះទំនេរគ្មានទេ តែសួរថាមានពេលលេងអត់ចំលើយនោះគឺមិនសូវមានពេលទេ ព្រោះថារវល់ថាចំណែកឯពេលយប់គ្រាន់តែមកដល់ផ្ទះគេងបាត់ហើយ ហាសហា ។










  ចុងក្រោយនេះ ចង់អរគុណដល់លោក the_fl0w និង Hacker ទាំងអស់គ្នាដែលជួយអោយ PS Vita លេងហ្គេមបានដោយសេរី មិនចំណាយលុយសូម្បីតែមួយរៀល លេងឥតគិតថ្លៃណា 😂 បើនៅស្រុកគេ គេចាប់ដាក់គុក 😂 ។ បិះតែហ្នឹងភ្លេចទៅហើយចង់ប្រាប់ថា PS Vita មានហ្គេមខ្លះសប្បាយណាស់ បើមិនបានលេងគឺពិតជាគួរអោយស្តាយមែនទែន 😂 ដែលហ្គេមទាំងនោះមានឈ្មោះថា Killzone: Mercenary , Uncharted: Golden Abyss , Resistance: Burning Skykies , Street Fighter X Takken និងហ្គេមសប្បាយៗជាច្រើនទៀតខ្ជិលសរសេរណាស់ 😂 ។ ជាអវសាន ចង់ផ្តាំផ្ញើរទៅមិត្តអ្នកអានបើខ្ចីរបស់គេទៅប្រើប្រាស់កុំកែច្នៃ របស់គេ កុំធ្វើនេះ ធ្វើនោះ របស់គេ ព្រោះយើងខ្ចីគេទៅលេងមិនខ្ចីទៅ កែច្នៃបន្ថែមពីលើរបស់ម្ចាស់គេដែលមានស្រាប់នោះទេ 😂 យល់អារម្មណ៍របស់ម្ចាស់របស់ផង 😂 បាយបាយ អរគុណជួបគ្នាឱកាសក្រោយៗទៀត ៕





No comments:

Post a Comment