BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Thursday, April 2, 2020


   សួស្តីអ្នកអានជាទីស្រលាញ់ ថ្ងៃនេះពេលនេះ ម៉ោងប្រហែល 1 រលង អធ្រាតហើយ ខ្ញុំគេងមិនលក់ទេ ។ ដេកយប់ៗជ្រៅណាស់ ប៉ុន្មានថ្ងៃនេះ ថ្ងៃខ្លះម៉ោង 1 យប់ ថ្ងៃខ្លះ ម៉ោង 2 ហួសទៅដល់ម៉ោង 3 យប់ក៏មានដែរ  ។ ហមម ប្រហែលមកពីខ្ញុំគិតច្រើនពេកហើយមើលទៅ បានជាយប់ឡើងដេកមិនសូវបានសោះ ហើយបើនិយាយពីព្រឹលឹមវិញ ពេលងើបមកក៏អារម្មណ៍មិនសូវល្អប៉ុន្មានដែរ 😓 ។

   ប៉ន្មានខែនេះប្រហែលជាខ្ញុំរងវិបិត្តច្រើនពេកហើយមើលទៅបានជា សុខភាពខាងផ្លូវចិត្តមិនសូវល្អបែបនេះ។ ខ្ញុំលូវប្លែកច្រើនណាស់ ខ្លួនឯងមិនដឹងជាស្អីទេរាល់ថ្ងៃ អារម្មណ៍មិនដឹងជារត់ចោលខ្លួនពីពេលណាមកទេ ភ្លេចច្រើនណាស់រាល់ថ្ងៃ គ្រាន់តែធ្វើអ្វីប៉ុន្មាននាទីមុនក៏ខ្ញុំមិនចាំផង 😵 ចំណែកឯនិសិត្សខ្មែរឈ្មោះ ហុង ភារិន ដែលនៅថៃ គេចាំប្រតិទិនដល់ទៅរាប់រយឆ្នាំ 😲 បើឯងវិញប៉ុន្មាននាទីមុនធ្វើអីក៏មិនចាំដែរ 😂 ។ និយាយរួមទៅសព្វថ្ងៃខ្លួនឯងដូចរល់ៗចឹង ឆាប់ភ្លេច ច្រលំច្រើន ខ្វល់ខ្វាយច្រើន បូករួមនិងជំងឺ Covid-19 វាយលុយផងធ្វើអោយហាងរកចំណូលបានតិច ស្ថានភាពពេលនេះគឺពិតជាវាយលុយផ្នែកផ្លូវចិត្តមែនទែន ។

កាលព្រឹកម៉ិញ មានភ្ញៀវមកជួសជុលទូរស័ព្ទនៅហាងខ្ញុំ ជួសជុលរួចត្រូវគិតតំលៃ 13 ម៉ឺនរៀល ខ្ញុំបែរជាគិតលុយពីភ្ញៀវតែ 11 ម៉ឺនរៀល ។ ហើយពេលខ្លះភ្ញៀវគេអោយលុយម៉ិញៗសោះហ្នឹងក៏ខ្ញុំអត់ចាំថា គេអោយលុយឬមិនទាន់អោយទេ 😢 ។ ខ្ញុំពិតជាបារម្ភពីស្ថានភាពខ្លួនឯងពេលនេះមែនទែន មិនដឹងថានិយាយប្រាប់អ្នកណាទេ មានតែមកទីនេះសរសេរអត្ថបទបន្ធូអារម្មណ៍ ។ ពេលខ្ញុំសរសេរអត្ថបទចេញបានមួយៗ ខ្ញុំមានអារម្មណ៍ថាដូចបានស្រែកប្រាប់ពិភពលោកអំពីទុក្ខកង្វល់របស់ខ្ញុំអ៊ីចឹង ទោះពេលនេះមិនអ្នកចូលអាន ក៏ខ្ញុំពេលចិត្តហ្នឹងសរសេររឿងរាវទាំងឡាយចូលក្នុង Blog ដែរ ។

ប្រហែលជាមួយអាទិត្យទៅពីរអាទិត្យហើយ ពេលយប់ខ្ញុំគេមិនសូវស្កប់ទេ មួយថ្ងៃគេងបានតែ 3 ទៅ 4 ម៉ោងអីទេ ។ ចំណែកឯពេលងើបមកវិញវាអារម្មណ៍ថាស្មុកស្មាញ ដូចមិនស្រលះក្នុងចិត្តសោះ ចំណែកពេលថ្ងៃវិញ ពិតជាងងុយគេមែនទែន ។ ហឺយយ បើបន្តបែបនេះទៀតមិនដឹងថាខ្លួនឯងអាចរស់បានយូរប៉ុណ្ណាទេ 😫 ។

តាំងពីមានបញ្ហាជំងឺ Covid-19 នោះកើតមកស្ថានភាពសេដ្ឋកិច្ចហាងខ្ញុំពិតជាធ្លាក់ចុះមែនទែន ។ សព្វថ្ងៃនេះការលក់មិនសូវជាដាច់ទេ ថ្ងៃខ្លះលក់បាន ថ្ងៃខ្លះទៀតលក់មិនសូវបាន ថ្ងៃខ្លះទៀតសឹងតែអត់មានភ្ញៀវចូលតែម្តង ។ ដល់ជួបបញ្ហាផ្ទួនៗអ៊ីចឹង វាពិតជាធ្វើអោយខ្ញុំលំបាកមួយតង់បន្ថែមទៀត ដើម្បីធ្វើដំណើរលើជីវិតមួយនេះបន្តទៀត ក្តីស្រម៉ៃពេលនេះមិនមានអ្វីច្រើនោះទេ គឺសុំត្រឹមតែសងលុយធនាគាអស់ទៅបានហើយ 😢 សព្វថ្ងៃនេះខ្ញុំនៅមានភារៈកិច្ចរហូតដល់ឆ្នាំ 2030​ ដូច្នេះហើយខ្ញុំមិនអាចបាក់ទឹកចិត្តបានទេ ខ្ញុំត្រូវតែរិះរកវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយដើម្បី សង្គ្រោះស្ថានការដ៏អាក្រក់មួយនេះ ។

តើពេលនេះខ្ញុំគួរដើរតាមផ្លូវណា ប្រើយុទ្ធសាស្ត្របែបណា ទើបអាចជួយសង្គ្រោះខ្លួនឯងពីអ្វីដែលកំពុងជួប ? តើខ្ញុំគួរតែទៅបន់ព្រះ សំពះទេពតា ឬក៏ខ្ញុំត្រូវខិតខំដោយសមត្ថភាពខ្លួនឯង ។ រាល់ថ្ងៃនេះអាយុជិត 30 ឆ្នាំហើយ ប៉ុន្តែគំនិតវិញដូចក្មេងអាយុ 10 ឆ្នាំ អ៊ីចឹង ។ បើអ្នកទាំងអស់គ្នាស្រលាញ់ រាប់អានខ្ញុំ ជួយបង្ហាញផ្លូវអោយខ្ញុំផង ដើម្បីអោយខ្ញុំបន្តដំណើរជីវិតមួយនេះបន្តទៀត ៕

Wednesday, April 1, 2020


   សួស្តីមកទៀតហើយ ដោយសារតែយប់នេះទំនេរពេក ក៏លើកយករឿងចាស់ មកសរសេរលេងទុកជាកំណត់ហេតុសំរាប់អានលេងនៅថ្ងៃក្រោយ 🙂 ។ ថ្ងៃចង់លើកយករឿងទិញ PS4 មកនិយាយម្តង។
   PS4 ជាម៉ាស៊ីនហ្គេមទី 6 ដែល SONY បានបញ្ចេញលក់នៅខ្ទង់ឆ្នាំ 2014 ហើយខ្ញុំទិញវានៅឆ្នាំ 2017 ខែ 4 ថ្ងៃទី 26 ហេតុអ្វីបានខ្ញុំចាំច្បាស់យ៉ាងនេះ ព្រោះថ្ងៃដែលខ្ញុំទិញ PS4 គឺជាថ្ងៃដែលលោកយាយជាទីស្រលាញ់របស់ខ្ញុំ បានលាចាកឆ្ងាយពីខ្ញុំ លាជារៀងរហូត គឺសល់ត្រឹមតែអនុស្សាវរីយ៍តែប៉ុណ្ណោះ ។





តាំងយាយខ្ញុំចាកឆ្ងាយពីខ្ញុំមក រូប Profile និង Cover គឺបែបនេះរហូត
ខ្ញុំមិនដែល ហើយក៏មិនប្តូរដែរ

មុនថ្ងៃនោះប្រហែលជាមួយថ្ងៃ ឬក៏ពីរថ្ងៃខ្ញុំនឹកចង់ទិញ PS4 លេង គិតហើយប្រហែលជាស្អែកឬក៏ខានស្អែក ក៏ Order ទិញតែម្តង កាលហ្នឹងខ្ញុំទិញ PS4 Slim ពណ៌ ស ហើយទិញទំហំ HDD ដល់ទៅ 1TB តែម្តង មិនដឹងយ៉ាងម៉េចដែរអោយតែខ្ញុំទិញអ្វីមួយគឺខ្ញុំទិញយកតែអាកប់សេរីតែម្តង កាលដែលខ្ញុំទិញ អា PS4 Slim 1TB ហ្នឹង វាកប់សេរីហើយ ក្រៅពីហ្នឹងគេលក់តែអាទំហំ 500GB ទេ តែមានអាមួយទៀតគឺកប់ជាងហ្នឹងទៀតគឺ PS4 Pro អាហ្មឹងទំហំមលស្រាប់វាគឺ 1TB តែម្តងហើយ មកឆ្នាំ 2019 នេះគេចេញដល់ 2TB ហើយ ។ ដោយសារតែខ្ញុំគ្មាន 4K TV ទើបខ្ញុំមិនទិញ អា Pro ព្រោះតែវាអត់ប្រយោជន៍អ្វីផងទូរទស្សន៍យើងត្រឹមតែ 1080p ទិញ 4K មករកអី 😒 ។

 ព្រឹកឡើងខ្ញុំទិញ ថ្ងៃឡើងខ្ញុំទទួលដំណឹងថា យាយខ្ញុំខូចហើយ 😔



ហ្គេមដែលទិញលេងដំបូងគេ គឺ Uncharted 4 និង Just Dance 2017


នេះជាហ្គេមដែលទិញបន្ទាប់មាន Infamous Second Son និង Fifa 17

 កាលទិញនោះមិនមែនត្រឹមតែ PS4 ទេ ខ្ញុំទិញទាំង Camera និងទិញថែមដៃបញ្ជា ( Controller ) វាទៀតទិញ Accessories វាអោយគ្រប់គ្រឿងតែម្តង កុំអោយខ្វះនេះខ្វះនោះដូចកាលដែលទិញ PS3 ចង់លេងហ្គេម PS Move ក៏អត់បាន ចង់លេងហ្គេមជាមួយប្អូនក៏អត់បាន លើកនេះទិញគ្រប់គ្រឿងតែម្តង កាលហ្នឹងដូចជាអស់ខ្ទង់ 489$ ព្រោះទិញទាំងហ្គេម 2 ទៀតគឺ Just Dance 2017 និង Uncharted 4 A Thief End វគ្គបញ្ចប់ ។


កាលនោះគ្រាន់តែ Order គេចប់ភ្លាមមិនទាន់ទាំង វេលុយអោយគេផង ដំណឹងតក់ស្លុតមួយក៏បានមកដល់គឺតាប្រាប់ថា យាយឯងគាត់ស្លាប់ហើយ 😞 យាយគាត់ខូចទៅទាំងអណោចអាធម្មណាស់ សល់តែស្បែកនិងឆ្អឹង ទំរង់មុខមិនពេញលេញ 😞 ព្រោះមុខគាត់បានខូចដោយសារតែជំងឺមហារីកម៉ាត់ ។ លោកយាយជាមនុស្សតស៊ូ និង អត់ធ្មុត់ណាស់ ពេលដែលគាត់ដឹងដំណឹងថាគាត់កើតជំងឺមហារីក គាត់មិនបានបញ្ចេញអាការៈតក់ស្លុតអោយយើងព្រួយបារម្ភអំពីគាត់ទេ គាត់នៅតែញញឹមនៅពេលដែលជួបយើង គាត់សុខចិត្តទ្រាំមិនដែលស្រែកថាឈឺនៅនិងមុខពួកយើងទេ លោកយាយជាអ្នកតស៊ូដ៏អស្ចារ្យបំផុត ទោះជាគាត់ឈឺខ្លាំងយ៉ាងណា ខ្លាំងប៉ុណ្ណា លោកយាយនៅតែទ្រាំ នៅតែព្យាយាមចង់ជា គាត់មិនដែលហាមាត់ថាគាត់ចង់ស្លាប់ទេ គាត់មានតែនិយាយថា គាត់ចង់រស់បន្ត ចង់នៅមើលថែកូនចៅបន្តទៀត គាត់ចង់ឃើញមុខចៅដែលជិតហ្នឹងកើតទៀត គាត់ចង់ចូលរួមពិធីការក្មួយគាត់ តែអ្វីៗមិនដូចគាត់គិតទេ ការតស៊ូរបស់គាត់ត្រូវបានបញ្ជប់ ហេតុអ្វីជំងឺកាចសាហាវមួយនេះ ធ្លាក់មកលើគាត់ ធ្លាក់មកលើមនុស្សល្អ អ្នកជិតខាងល្អ ជាម្តាយដ៏ល្អ ជាលោកយាយដ៏អស្ចារ្យ អ៊ីចឹង ។

 ហមមម ទោះជាលោកយាយឈឺប៉ុណ្ណាគាត់នៅតែព្យាយាមញ៉ាំថ្នាំ គាត់ខំតស៊ូអស់រយៈពេលជាង 10 ខែ យើងដឹងហើយជំងឺមហារីកជាជំងឺ កាចសាហាវខ្លាំង គ្មានណាម្នាក់ស្លាប់ទៅដោយស្រស់ស្អាតទេ ។ យាយខ្ញុំមហាហរីកមាត់គាត់ពិសារអ្វីមិនបានទេ គាត់ពិសារបានតែទឹកបបរបន្តិចបន្តួច តែប៉ុណ្ណោះរយៈពេលជាង 10 ខែ គាត់មិនអាចពិសារអ្វីបានទេក្រៅពីទឹកបបរ គាត់បានពោលពាក្យថា បើសិនជាម៉ាក់ ជាយាយជា យាយនឹងហូបអោយឆ្ងាញ់ៗម្តង យាយឃ្លានណាស់ ហូបអោយណាណីម្តង លឺហើយអាណិតលោកយាយខ្លោចចិត្ត 😓 គាត់ឈឺមាត់ គាត់ឃ្លាន តាំងពីឈឺ ឈឺខ្លាំងណាស់ មានតែពេលដែលគាត់គេងលក់ទេទើបអាចអោយគាត់ភ្លេចនៅការឈឺចាប់ដ៏វេទនាពន់ពេកនេះបាន រហូតដល់គាត់ខូច សល់តែស្បែកដណ្តប់ឆ្អឹង ។


នេះហើយជារូបយាយខ្ញុំពេលដែលគាត់ខូច 😓

 អ្នកសាកសម្រៃមើល បើសិនជាអ្នកមួយថ្ងៃៗ ហូបបានតែ ទឹកបបរត្រឹមតែ 2 3ម៉ាត់រហូតរយៈពេល 10 ខែ តើរូបរាងអ្នកវិវឌ្ឍន៍ទៅជាបែបណា ។ មនុស្សម្នាក់ដែលខំតស៊ូបែបនេះ តស៊ូរហូតដល់ថ្ងៃបញ្ចប់ដែលមិនដែលពោលពាក្យថាចុះចាញ់ ហេតុអ្វីវាសនាមិនផ្តល់នៅអភូហេតុមួយអោយគាត់ ដើម្បីអោយគាត់បាននៅមើលថែកូនជាទីស្រលាញ់ ចៅជាទីស្រលាញ់របស់គាត់បន្តទៀត 😞 ។ នៅថ្ងៃដែលយាយខូច ចៅយំខ្លាំងណាស់  យំរហូតដល់អ៊ីមកប្រាប់ថា ឈប់យំទៅក្មួយ យាយគាត់ទៅហើយ គាត់ផុតកម្មពាគាត់ហើយ គាត់លែងរស់នៅទាំងវេទនាទៀតហើយ យប់ឡើយខ្ញុំនៅគេងក្បែរសពយាយ ជូនដំណើរយាយលើកចុងក្រោយ 😞 ។

    អនុស្សាវរីយ៍ ថ្ងៃទិញ PS4 ជាថ្ងៃដ៏ជូចត់បំផុត មិនអាចបំភ្លេចបាន ពេលខ្លះពិតជានឹកលោកយាយខ្លាំងណាស់ ពេលចៅមានជំងឺ មានបញ្ហា គឺតែងតែមានលោកយាយនៅក្បែរជួយថែរក្សារ និងលើកទឹកចិត្តចៅគ្រប់ពេលវេលា ពេលនេះយាយទៅហើយចៅមានតែខំប្រឹងដើរទៅមុខបន្ថែមទៀត ។ ចៅចង់ប្រាប់ថា ចៅស្រលាញ់លោកយាយខ្លាំងណាស់ 😔 ៕

Tuesday, March 31, 2020


   សួស្តីមិត្តអ្នកអាន ថ្ងៃខ្ញុំមកទៀតហើយជាអត្ថបទមួយថ្មីស្រឡាង ដែលមិនធ្លាប់បានសរសេរពីមុនមកទេ 😂 ។ ថ្ងៃនេះទំនេរផង អផ្សុកផង ចេះតែនៅមិនសុខ ចង់លើកយក ក្តាចុច ( Keyboard ) មកសរសេរអត្ថបទគ្រាន់កែកំសាន្តនិងចង់ទុកជាកំណត់ហេតុផងសំរាប់អាននៅថ្ងៃក្រោយ ។
   និយាយទៅឆ្នាំនេះឆ្នាំ 2019 បើគិតពីអាយុប្រហែលជា 28 29 ឆ្នាំហើយ។ មិត្តភក្តិអាយុប្រហែលខ្ញុំគេរៀបការអស់ហើយ ខ្លះមានកូន 1 ខ្លះកូន 2 អាខ្លះទៀតជើងខ្លាំងនៅលើគ្រែបានកូនដល់ទៅ 3 ក៏មានដែរ។ អភព្វអីតែខ្ញុំឆ្នាំនេះហើយ រកមិនទាន់បានគូរនិងគេទេ។ ចាស់ៗមកទិញឥវ៉ាន់នៅហាងចេះតែចោតសួរថា ហ្អែងកាលណាបានយកប្រពន្ធនិងគេ? ខ្លះទៀតក៏សួរថា ចែរកឃើញកូនប្រសារហើយឬនៅ ? ខ្លះទៀតសួរថា ហ្អែងមើលជើញកូនណាគេហើយនៅ ? ខ្ញុំពិបាកចិត្តណាស់ 😞 នៅពេលដែលពួកគាត់សួរនៅសំនួរចាក់ដោតដដែលៗបែបនេះ ហមមមតាមពិតទៅក៏ចង់បានគូរនិងគេដែរ តែរកអត់ឃើញណាមួយអត់មានលុយការផង។ មានថ្ងៃមួយមិត្តភក្តិម៉ាក់គាត់មកលេងហើយគាត់ក៏សួរសំនួរដែលប្រហាក់ប្រហែលនិងសំនួរខាងលើដែរ ខ្ញុំមិនដឹងតបយ៉ាង ម៉ិចទេមានតែនិយាយដូចរាល់ដងអ៊ីចឹងទៅ។ ស្រាប់តែយប់ឡើងមិនដឹងជាកើតអីស្រាប់តែយល់សប្តិឃើញម៉ែចូលស្តីប្រពន្ធអោយ 😂 ខ្ញុំថាស្រេចហើយមិនដែលស្គាល់គេផងចូលស្តីម៉ិចទៅ ខ្ញុំមិនយកទេ ក៏សម្រេចចិត្តថាអង្គុយខាងក្រៅមិនចូលទៅក្នុងទេ ទោះជាឳពុកម្តាយមកហៅយ៉ាងណា ក៏មិនដើរចូលទេ ព្រោះខ្ញុំមិនស្គាល់គេ ណាមួយមិនទាន់ចង់បានប្រពន្ធផងហេតុអ្វីខ្ញុំត្រូវដើរចូល អង្គុណនៅខាងក្រៅឡើងយូររហូតដល់ចាស់ទុំចេញទៅផ្ទះវិញម្តងមួយៗរហូតដល់អស់ ទើបខ្ញុំសម្រេចចិត្តដើរចូលទៅហៅប៉ាម៉ាក់ខ្ញុំបំរុងនឹងទៅផ្ទះវិញហើយសុំអភ័យទោសពីខាងស្រី 😂 ស្រាប់តែឃើញចូលស្រីគេស្អាតគួរសម 😍 មានចិត្តចង់ភ្ជាប់ពាក្យដែរហ្នឹង 😂 តែហេតុតែគូរមិនទាន់ដល់ខ្ញុំក៏ភ្ញាក់វិញ ហើយក៏ដេកមិនលក់។ ហើយបើដេកយូរតិចទៅហេងស៊យ ភ្ជាប់ពាក្យចប់បាត់ 😂 ។ តែនិយាយតាមត្រង់ ខ្ញុំក៏ភ័យណាស់ដែរដោយសារតែមិនទាន់ចង់រៀបការផង ស្រាប់តែមកយល់សប្តិឃើញអ៊ីចឹងៗអី 😂 ព្រោះរៀបការអំរែកធ្ងន់ ណាមួយមិនទាន់មានសមិទ្ធផលអីធំដុំផង យកកូនគេមកចិញ្ចឹមម៉ិចរស់ ។ លូវកំពុងតែស្វែងរកនារីនៅក្នុងសុបិន តើអូនរស់នៅឯណា ចាំដល់ពេលហៅគេការយកតែម្តង 😂 ៕


ខាងក្រោមនេះជាកំរងរូបភាពមិត្តភក្តិដែលបានរៀបការហើយ
ចាំមើលតើខ្លួនឯងវិញរៀបការនៅឆ្នាំណា 😂😂





មិត្តភក្កិគេរៀបការម្តងមួយម្តងមួយហើយ 😂 ឯងវិញរកគូរមិនឃើញ

Friday, November 22, 2019


   សួស្តីអ្នកទាំងអស់គ្នាទៀតហើយ ថ្ងៃនេះអផ្សុកជាពុនពេក អត់ដឹងធ្វើអ្វីក៏នឹកឃើញគាស់កកាយយករឿងចាស់មកសរសេរទុកជាអនុស្សាវរីយ៍ ទុកអោយកូនៗមើលនៅថ្ងៃក្រោយ 😂។ ចង់លើករឿងអាថ៌កំបាំងមួយ មកសរសេរចេញជាអត្ថបទ ទុកអោយអ្នកទាំអស់គ្នាបានដឹងហើយ កុំអោយអ្នកទាំអស់គ្នាយកគំរូតាមខ្ញុំ 👍 ។
   រឿងហ្មឹងប្រហែលជាខ្ទង់ឆ្នាំ 2013 គឺ 6 ឆ្នាំមុន ព្រោះឥលូវ 2019 សល់តែ 2 ខែទៀតដាច់ឆ្នាំហើយ ។ កាលហ្នឹង ខ្ញុំនៅក្នេងហើយ កាលហ្នឹងចិត្តស្រាលាញ់ម៉ាស៊ីនហ្គេម ហើយពេលហ្នឹង SONY មានម៉ាស៊ីន PS3 កាលហ្នឹងនិយាយថាស្រលាញ់នោះស្រលាញ់ តែងតែបើក YOUTUBE និង ស្វែងរកនៅលើ GOOGLE អំពីព័ត៌មានបន្ថែមអំពីវា ព្រោះយើងអត់សូវមានលុយទេ ទិញម្តងកុំអោយខុស ព្រោះបើខុសដឹងតែទុកចោលហើយ អ៊ីចឹងខ្ញុំក៏ខំធ្វើការសន្សំលុយ សង្ឃឹមថាពេលនោះហ្មឹងមកដល់ សន្សំរហូតដល់ឆ្នាំ 2013 ទើបសន្សំបានប្រហែល 300$ ដល់ថ្ងៃហ្នឹងក៏ឡើងទៅភ្នំពេញ ហើយកាលហ្នឹងស្គាល់តែហាង GAME KING មួយទេ ព្រោះគេបានបិតក្រដាសផ្សព្វផ្សាយ ហើយក៏ឡើងទៅមើល ឃើញ PS3 មួយទឹកក៏ចាប់អារម្មណ៍ ប៉ុន្តែដោយរូបរាងខាងក្រៅមើលទៅរាងចាស់ ហើយទំហំ HDD រាងតូចផងក៏រារែកចិត្តអត់ទាន់ចង់ទិញ តែអ្នកគាត់ក៏ហៅអោយមើលអាថ្មីហ្មងទៅ វាថ្មីហើយ HDD ដល់ទៅ 320GB ទៀត ក៏ស្រលាញ់ថាយកអាហ្នឹងហើយ ឯតំលៃវិញដល់ទៅ 400$ ឯណោះ 😓 ខណៈឯលុយវិញមានតែ 300$ 😂 កោតកាលហ្មឹងហ៊ានកក់គេ 50$ 😂 ហើយខ្លួនអត់មានលុយគ្រប់ផងហ្នឹង ក៏នឹកឃើញថាអ៊ំគាត់មកភ្នំពេញដែរតើ ក៏ទៅជួបអ៊ំ អ៊ំអោយខ្ចីបាន 80$ នៅសល់តិចតួចទៀតក៏នឹកឃើញដល់ពូ ពូក៏អោយ 50$ ដែរ 🥰 ទីបំផុតយើងក៏ទិញបាមសម្រេច តែដោយតំលៃរាងថ្លៃពេក ហើយណាមួយលុយយើងអត់គ្រប់ផង ខ្លាចម៉ាក់រករឿង គាត់សួរដេញដោល ក៏បែកគំនិត អោយអ្នកលក់សរសេរវិក័យប័ត្រចំនួន 2 សន្លឹក មួយជាវិក័យប័ត្រក្លែងទុកបោកអ្នកម្តាយ 😂 មួយទៀតវិញជាវិក័យប័ត្រពិតដែលគេធានាសេវាកម្មជួសជុល 3 ឆ្នាំ 👍 ពេលហ្មឹងដោះស្រាយបានហើយស្រេច 🤣 ។

វិក័យ្យបត្រពិតប្រាកដ ស្តាយណា់បាត់អាក្លែងក្លាយ 😂





គិតៗទៅសរសើរខ្លួនឯងដែរ ចេះរកវិធីល្អចឹង ហាហា ជាក់ស្តែងបើអត់ធ្វើអ៊ីចឹង មិនដឹងលទ្ធផលបែបណា ជាក់ស្តែងបើគាត់ដឹងតំលៃពិតមិនដឹងគាត់ស្ដីអោយថាម៉ិច ជាក់ស្តែងបើគាត់សួរថាថាបានលុយមកពីណា 😂 ជាក់ស្តែងពេលហ្នឹងបើកើតឡើង មិនដឹងថាឆ្លើយបែបណា 😂 ជាក់ស្តែងមិនហ៊ានស្រម៉ៃទេ 😂 រឿងចឹងៗកុំរៀនតាមខ្ញុំអត់ល្អទេ កុហកអណាព្យាបាល គេហៅថាកូនមិនល្អ ។ គិតមកដល់លូវនេះ PS3 ហ្នឹងនៅដំណើរការធម្មតាទេ គេធានាអោយ 3 ឆ្នាំគ្មានពេលយកអោយគេមើលទេ ធ្វើកម្មវិធីតែខ្លួនឯង បញ្ចូលហ្គេមតែខ្លួនឯង តែកុំតែបានគេប្រាប់ដែរហ្នឹងកុំអីមិនដឹងថាត្រូវប្រើបែបណា 😍 ។ បើគិតទៅ PS3 ជាហ្គេមទី 3 ដែលបានទិញ ទី 1 គឺ PS1 ទី2 ទិញបកកេះ បើឡានគេហៅខ្លាញ់គោ PSP បន្ទាប់មក PS3 ហើយក្រោយមកទៀត ទិញ PS4 នៅឆ្នាំ 2017 ទិញ PS VITA  និង PS VR នៅឆ្នាំ 2018 ទិញ NEW NINTENDO 3DS XL នៅឆ្នាំដើមឆ្នាំ 2019 ហើយថ្មីៗនេះ ទើបតែទិញ NINTENDO SWITCH ទៀត 😂 ហើយបានសន្យាជាមួយម៉ាក់ថា SWITCH ហ្នឹងលើកចុងក្រោយហើយ ស្រាប់តែ SONY ប្រកាសថាឆ្នាំ 2020 គេចេញលក់ PS5 ទៀតហើយ 😂 ដឹងម៉ិចម៉ាទេហ្នៀក គិតថារកលេបសំដីវិញហើយ ប្រាប់គាត់ថាលើកចុងក្រោយសំរាប់ឆ្នាំ 2019 វិញ 😂 ។

   ម៉ាក់ថាបើធ្វើមិនបានកុំសន្យា ចឹងមានតែឈប់សន្យាហាហា។ គិតៗទៅ PS3 កំដរបាន 4 ឆ្នាំដែរហ្គេមចេញថ្មីដឹងតែបញ្ចូលហើយ ព្រោះចេះ Download ខ្លួនឯង ។ បើលូវវិញចប់ទាល់តែសន្សំលុយ ព្រោះ JAILBREAK អត់បានដូចមុនទៀតទេ 😓 ហ្គេមចេញថ្មីមើលតាម YOUTUBE ហាហា។ លូវ PS3 ហ្នឹងពួកម៉ាកខ្ចីបាត់ហើយ តិចទៀតបែបទៅយកវិញហើយ ព្រោះចង់រក្សាវត្ថុអនុស្សាវរីយ៍ទិញផ្ទាល់ដៃ លុយខ្លួនឯង បើខូចក៏ខូចជាមួយដៃខ្លួនឯងដែរ ❤️❤️ មួយជាតិត្រឹមពេលនេះស្គាល់អស់ហើយ PS1 PSP PS3 អត់តែ PS2 មួយទេដែលអត់ទិញផ្ទាល់ដៃព្រោះកាលហ្នឹងគ្រួសារមិនសូវមានលុយដូចគេ 😞 ។ PS1 លូវខូចបាត់ហើយ សល់តែម៉ាស៊ីនគ្រាន់ដាក់តាំង បើ PSP លក់កាលមកភ្នំពេញកាលហ្នឹងរពឹសដៃ UPDATE Version ចង់បានកម្មវិធី Skype 😂 UPDATE ទៅបាត់ហ្គេមអស់លីង 😂 រពឹសដៃពេក កាលហ្នឹងគ្មានស្គាល់ Hack ឬ Jailbreak អីទេស្មានតែវាធម្មតា Update ទៅសូន្យបណ្តោយទិញ 250$ លក់វិញបាន 100$ 😂 កាលជំនាន់ 2008-2009 លុយ 250$ ក្រែលដែរហ្នឹងដល់លូវ 250$ កាកលុយ ម្នាក់ៗគេប្រើទូរស័ព្ទសុទ្ធតែតំលៃ 1200 1400$ អីណ៎ ។ គិតទៅប្រើពួក Jailbreak គ្មានសូវបានលេងហ្គេមចប់ទេ បើហ្គេមថ្មីៗចេញរហូត 😂 ហើយសួេថាលេងហ្គេមដឹងសាច់រឿងអត់ អត់ដឹងទេ 😂 ព្រោះតែ រំលង Cinematic វារហូតខ្ជិលមើល 😂 ទើបតែលូវទេចេះលេងហ្គេមចប់ ព្រោះទិញ Disk ស៊ីនមកលេងណាតំលៃ 60$ លេងលំៗម៉ិចបាន។ គិតទៅអយុត្តិធម៌ណាស់សំរាប់ស្រុកខ្មែរ ប្រាក់ខែតិច សម្ភារៈថ្លៃ 😂 ស្រុកគេវិញប្រាក់ខែច្រើន សំភារៈថោក គេ ចុះតំលៃ និងលក់លាងឃ្លាំងរហូត ឯងវិញចង់ចេញយូរប៉ុណ្ណាក៏តំលៃនៅតែ 60$ បើ Accessories វិញថ្លៃកប់ពពក 😂 ហេតុតែប្រជាជនយើងធូធារ។
   ហឺយយយយ សរសេរច្រើនហើយខ្លាចអ្នកទាំងអស់គ្នាធុញ ប៉ុណ្ណឹងបានហើយចាំជួបគ្នាអត្ថបទក្រោយទៀត បាយបិទ 😘 ៕


    សួស្តីអ្នកទាំងអស់គ្នា! ដោយសារតែយប់ម៉ិញមានការប្រកាសចេញលក់នៅម៉ាសីនហ្គេម ដែលអាចយកតាមខ្លួនសេរីថ្មីមួយ ទើបថ្ងៃនេះចង់មកសរសេរអត្ថបទអំពីវាតែម្តង ដោយសារតែខ្ញុំជាអ្នកគាំទ្រងប់ងល់នៅម៉ាស៊ីហ្គេម អ៊ីចឹងហើយមិនចង់ទុកពេលយូរទេ។
   អស់ជាច្រើនខែមកហើយដែលព័ត៌មានជាច្រើន បានផ្សព្វផ្សាយនៅម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ក្រុមហ៊ុន Nintendo ដែលគេបាននិយាយថាក្រុមហ៊ុននឹងចេញនៅ ម៉ាស៊ីនថ្មីដែលមាន ឈ្មោះថា NINTENDO Switch Mini ដែលពាក្យថា Mini នេះឯងមានន័យថាតូចជាមុន តែជាក់ស្តែងកាលពីយប់ម៉ិញ ថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2019 ក្រុមហ៊ុនបានបញ្ចេញនៅម៉ាស៊ីនហ្គេមសេរីថ្មីដើម្បីជំរះមន្ទិលសង្ស័យ អ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាអ្នកតាមដានព័ត៌របស់ NINTENDO ដែលក្រុមហ៊ុនបានបញ្ចេញប្អូនពៅរបស់ Switch ពិតមែន តែមិនមែន Switch Mini ទេគឺមានឈ្មោះជាផ្លូវការថា Nintendo Switch Lite ដែលពាក្យ Lite នេះបានបញ្ចាក់ច្បាស់ថាម៉ាស៊ីនថ្មីនេះគឺមិនមានកំលាំងខ្លាំងជាមុនទេ។ ដែល SWITCH LITE នេះគ្រោងនឹងចេញលក់នៅថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2019 ក្នុងតំលៃខ្ទង់ 200$ តំលៃនៅសហរដ្ឋអាមេរិច ដែលមានពណ៌ចំនួន 3 សំរាប់ការចេញលក់លើកដំបូង ដែលពណ៌ទី1 គឺពណ៌ ប្រផះ Gray ទី2 គឺពណ៌ លឿង ហើយពណ៌ទី3 គឺពណ៌ បៃតង គឺជាពណ៌ដែលខ្ញុំស្រលាញ់ផងដែរ តែនៅខែ ខែវិច្ឆិការ ឆ្នាំ2019 ខាងមុខទៀតក្រុមហ៊ុនហ្នឹងបញ្ចេញ SWITCH LITE ជាលក្ខណៈចំនួនមានកំណត់ Limited Editon ដែលមានឈ្មោះថា The Nintendo Switch Lite Zacian and Zamazenta Edition ដែលមានពណ៌ប្រាក់អមជងមួយប៉ូតុងខាងឆ្វេងពណ៌ផ្ទៃមេឃ ចំណែកខាងស្តាំវិញពណ៌ផ្កឈូក មើលទៅស្រស់ស្អាតមែនទែន វាពិតជាធ្វើអោយខ្ញុំពិបាកសំរេចចិត្តដល់ហើយរវាង Switch ពណ៌បៃតង និង ពណ៌ប្រាក់នេះឯង បើសិនជាខ្ញុំមានលុយទិញទាំង 2 ហ្មងនិយាយមែន 😂 ។

Nintendo Switch Lite ពណ៌ប្រផេះ

Nintendo Switch Lite ពណ៌បៃតង 

Nintendo Switch Lite ពណ៌លឿង

Switch Lite Limited Edittion Zacian and Zamazenta ដែលចេញមកជាមួយ Pokemon Sword និង Shield



តោះចូលមកដល់លក្ខណៈក៏ដូចជា Spec វាវិញម្តង Nintendo Switch Lite មានប៉ូតង់ជាប់មកស្រាប់មិនអាចដោះដូរដូច Nintendo Switch ដែលអាចប្តូរ Joy-Con តាមពណ៌ដែលខ្លួនស្រលាញ់បានទេ ហើយប៉ូតុង Switch Lite ក៏មិនមាន HD Rumble  និង IR Motion Camera ដូច Joy-Con ដែរ ដូចច្នេះមានន័យថា បើសិនជាអ្នកលេងហ្គេមខ្លះវាតំរូវអោយអ្នក Connect ជាមួយ Joy-Con ទើបអាចលេង ( លក់ក្រៅ ) ដែលមានហ្គេមដូចជា 1 2 Switch ឬ Super Mario Party ជាដើម។ Nitnendo Switch Lite នេះក៏មិនមានភ្ជាប់ Dock សំរាប់តភ្ជាប់ទៅទូរទស្សន៍ផងដែរ ហើយ Nintendo បានបញ្ជក់ថាវាមិនអាច ភ្ជាប់ទៅ ទូរទស្សន៍បានដូចគ្នា វាអាចត្រឹមតែលេងជាលក្ខណៈកាន់ដៃផ្ទាល់ ( Handheld Mode Only ) តែប៉ុណ្ណឹងដែលវាជាចំណុចមួយធ្វើអោយអ្នកគាំទ្រមួយចំនួនមិនពេញចិត្តផងដែរ ។ ហើយបើនិយាយពីទំហំអេក្រង់វិញវារាងតូចជា Switch បន្តិច ដែល Switch មានទំហំអេក្រង់ 6.2 អ៊ីង ខណៈ Switch Lite មានអេក្រង់ត្រឹមតែ 5.5 អ៊ីង អាចចុចបញ្ជាលើអេក្រង់ (Touch Screen) បានដូចគ្នា Nintendo ធ្វើបែបនេះព្រោះចង់អោយការលេងកាន់ដៃមានភាពងាយស្រួលជាងមុន ស្រាលជាងមុន។ ចំពោះកំលាំងថ្មវិញ Nintendo បានបញ្ជាក់ថា អាចលេងបានយូរជាង Switch រហូតដល់កន្លះម៉ោង ហើយអាចលេងហ្គេមបានពី ចន្លោះ 3 ម៉ោង ទៅ 7 ម៉ោងតាមប្រភេទហ្គេមផងដែលក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរការលេងហ្គេម The Legend Of Zelda: Breath of The Wild អាចលេងបានរហូតដល់ទៅ 4ម៉ោងឯណោះ ដែលយូរជាង Switch ធម្មតា រហូតដល់ទៅ 1ម៉ោងឯណោះ។ ចំណែកឯកំរិត Resolution វិញគឺគាំទ្រត្រឹម 720p តែប៉ុណ្ណោះ មិនអាចលោតដល់ 1080p ដូច Switch ពេលដែលភ្ជាប់ទៅទូរទស្សន៍បានទេ។

Nintendo Switch ដែលមាន Joy-Con ពណ៌ប្រផេះ

Nintendo Switch ដែលមាន Joy-Con ពណ៌ ខៀវ និង ក្រហម

Joy-Con Grp ជាមួយ Dock សំរាប់ភ្ជាប់ទៅទូរទស្សន៍

Joy-Con ក្រម ជាមួយខ្សែរ សំរាប់លេងហ្គេមកាយវិការ

   បន្ទាប់បានឃើញដំណឹងនេះហើយ វាពិតជាធ្វើអោយខ្ញុំជាអ្នកគាំទ្រជ្រួលជ្រើមមែនទែន ព្រោះមិនដែលមាន Switch លេងផង ដល់ឃើញ Switch Lite ចេញមកទៀតជ្រួលជ្រើមមែនទែន។ ហើយហេតុផលដែលខ្ញុំចង់បាន Switch Lite ទី1 ប៉ូតុងជាប់ម៉ាស៊ីនតែម្តង ទី2 វាស្រាលហើយថ្មកាន់យូរជាងមុន ហើយទី3វិញគឺ ខ្ញុំមិនត្រូវការភ្ជាប់ទៅទូរទស្សន៍លេងទេ អ៊ីចឹងហើយទើបធ្វើអោយខ្ញុំចង់បាន Switch Lite ជាង Switch ហើយក៏កំពុងតែសន្សំលុយផងដែរ 😂😂 ៕

Tuesday, August 27, 2019


ឃើញថា លូវគេ Hack គណនី Facebook ច្រើន វា Hack បានហើយ វាដាក់ Two Factor តាមរយ: កម្មវិធី Code Generator ទៀត 😏😏 ភាគច្រើន Hack ចេញពីប្រទេវៀតណាម
ចឹងអ្នកទាំងអស់គ្នាគួរតែការពារ គណនី របស់អ្នកជាមួយ Two Factor មួយតង់បន្ថែមទៀត តែមុននឹងដាក់សូមយល់ច្បាស់ពីដំណើរការវា បន្តិចសិនណា 👍👍
អ្វីទៅជា Two Factor Authentication ឬក៏ ​2-Step Verification ? គេប្រើវាដើម្បីអ្វី ?
 Two Factor Authentication ជាលេខ សំងាត់ 2ស្រទាប់ សំរាប់ ការពារ គណនីរបស់អ្នកពីការលួច Hack របស់ជនខិលខូច ។ វាត្រូវបានដាក់អោយប្រើលើ APPLE ID , Facebook ជាដើម ។ វាមានសារៈសំខាន់ក្នុងការការពារ គណនីរបស់អ្នក ទោះបីជាជនខិលខូចអាចលួចបាន លេខសំងាត់ របស់អ្នកក៏គេមិនអាចចូលទៅគ្រប់គ្រង់គណនី របស់អ្នកបានដែរ ព្រោះនៅពេល Log In ចូលវានិងតំរូវអោយយើងវាយនៅលេខកូដ 6 ខ្ទង់មួយតង់ទៀត ដែលបានផ្ញើរចូលទៅលេខទូរស័ព្ទដែលអ្នកបានភ្ជាប់ជាមួយ ឬក៏យកលេខសំងាត់នោះ6នៅកម្មវិធី Code Generator ដូចជា Google Authenticator ឬក៏ Microsoft Authenticator ។

 GOOGLE Authenticator

Microsoft Authenticator

លើកនេះខ្ញុំចង់លើកយកពីការភ្ជាប់ Two Factor Authentication ជាមួយគណនី Facebook ថាតើយើងត្រូវការអ្វីខ្លះ ។
បើសិនជាអ្នកទាំងអស់ប្រើគណនីមួយណាជារៀងរហូត ហើយចង់ការពារវា ពីការ Hack របស់ជនខិលខូច អ្នកគូរតែភ្ជាប់ Two Factor នេះទើបជាការល្អ ។ ការភ្ជាប់មិនពិបាកទេ គ្រាន់តែ លេខទូរស័ព្ទមួយប៉ណ្ណោះ វាគ្រប់គ្រាន់ហើយ ប៉ុន្តែសម្រាប់ខ្លួនម្ចាស់គណនី គឺវាមិនទាន់គ្រប់គ្រាន់ទេ គឺអ្នកត្រូវការ
👉 លេខទូរស័ព្ទមួយ ដែលអ្នកប្រើប្រាស់ជាប្រចាំ ហើយត្រូវតែភ្ជាប់អត្តសញ្ញាណបណ្ណជាមួយក្រុមហ៊ុន ដើម្បីប្រកាដថាបើសិនជាអ្នកបាត់លេខ អ្នកអាចទៅបើកមកវិញបាន ។ ព្រោះថាបើអ្នកបាត់លេខ អ្នកក៏មិនអាចចូលទៅ Log In គណនី Facebook អ្នកបានដូចគ្នា
👉 ភ្ជាប់ Email មួយទៅគណនីរបស់អ្នក ( ណែនាំអោយប្រើ Gmail ) Email នោះផងដែរគឺអ្នកអាចចូលទៅគ្រប់គ្រងវាបាន មានន័យថា អ្នកអាចចូលទៅ Access វាបាន ។ Email នោះបានបង្កើតដោយភ្ជាប់វាជាមួយលេខទូរស័ព្ទរបស់អ្នក ។ វាមានសារៈសំខាន់នៅពេលដែល អ្នកបាត់លេខទូរស័ព្ទ ពេលនោះ យើងអាចសុំជំនួយពីក្រុមកាងារ Facebook ដើម្បីអោយគេជួយអោយយើងចូល Log In បាន ។ ពេលសុំជំនួយពី FB វាតំរូបអោយយើង ផ្ញើរ អត្តសញ្ញាណបណ្ណ យើង បន្ទាប់ពីបានពិនិត្រត្រឹមត្រូវ FACEBOOK នឹងទាក់ហើយផ្តល់នៅ Link ដែលអាចអោយយើងចូលទៅ Access គណនី Facebook របស់យើងវិញបាន ។
 ការភ្ជាប់ Two Factor នេះក៏វាល្អផងដែល ព្រោះថាពេល Log In ម្តង វានិងលោត Notifications អោយយើងបានដឹងតែម្តង
⚠️ ករណីបើសិនជាអ្នក បាត់ទាំងលេខ ទូរស័ព្ទ ហើយ Email ក៏មិនស្គាល់ អ្នកក៏អាច Access គណនី Facebook យើងនៅក្នុង ឧបករណ៍ ដែលអ្នកធ្លាប់ Log In ហ្វេសបុកពីមុនបានផងដែរ ឧទាហរណ៍ដូចជាធ្លាប់ខ្ចី ទូរស័ព្ទមិត្ត លេង យើងអាចចូលទៅ Access អោយ Facebook ដំណើរការ ហើយ Turn Off Two Factor សិន ទំរាំតែលេខយើង បើកបាន ឬក៏ចង់ផ្លាស់ប្តូរលេខថ្មី ។

Wednesday, July 10, 2019


   សួស្តីអ្នកអានទាំងអស់គ្នា! ថ្ងៃនេះមកសរសេរអត្ថបទទៀតហើយ អោយបានសរសេរមួយហើយដឹងតែមាន 2 ឬ 3 បន្ថែមទៀតហើយ។ កាលពីទើបចាប់ផ្តើមសរសេរអត្ថបទដំបូង ខ្ញុំបានលើកយកអត្ថបទពីកុមាភាពមួយមកសរសេរ ដែលមានចំណងជើងថា អុញឯណាកង់ខ្ញុំ ។ ហើយពេលនេះ ឱកាសនេះ វេលានេះដែរ ខ្ញុំចង់ជីកកកាយរឿងពីកុមាភាពមួយបន្ថែមទៀតមកសរសេរ កាលពីខ្ញុំនៅរៀនថ្នាកប្រហែល ទី 4 ទៅ ទី 6 តែមិនច្បាស់ទេ។
    កាលនៅរៀននៅបឋមសិក្សា ពេលហ្នឹងគេពេញនិយម ញ៉ាំបាយស្រូបមើលតុក្កតា និងមើលរឿងមនុស្សយន្ត Power Ranger ស្រមោចខ្មៅស្រមោចក្រហមអីហ្នឹង កាលហ្នឹងមួយចានតែ 500 មើលដល់ចប់ពេលខ្លះមើលដល់គេចសាលាក៏មាន 😅 ។ ហើយមួយទៀតទៅលេងហ្គេមទូកាក់ លេង PS1 មួយកាក់បាន 10 នាទី លេង PS2 មួយកាក់បាន 6 នាទី ហើយហ្គេមដែលលេងមានមិនច្រើនទេ កាលហ្នឹងខ្ញុំលេងតែ បាល់ទាត់ លេងកីឡាកាស លេងប្រណាំងឡាន តែ 3ហ្នឹងទេផ្សេងៗអត់ដែលលេហ 😅 ហើយបើដាក់មួយ លេងបានមួយដងវិញ មានច្រើនមាន លេងវៃគ្នាដូចជាសេរី KING OF FIGHTER , Street Fighter អីហ្នឹងដូចអត់មានអាផ្សេងទេ បើបាញ់គ្នាមាន Metal Slug , លេង អាពាក់មួក , លេង អ៊ូខុង។



កាលហ្នឹងលេងសប្បាយណាស់ លេងដល់អត់ចូលរៀនតែម្តង កាលហ្នឹងឈប់ច្រើនរៀនក៏មិនពូកែ អ៊ីចឹងហើយធ្វើប៉ា ចាប់អារម្មណ៍តាមដាន គាត់ស្គាល់កន្លែងមួយ ខ្ញុំប្តូរកន្លែងមួយទៀត គាត់ស្គាល់មួយទៀត ខ្ញុំប្តូរកន្លែងមួយទៀត បើនិយាយទៅកាលពីក្មេងខូចណាស់ 😅 ខូចទាំងបងទាំងប្អូនតែម្តងហាសហា 😅 អ៊ីចឹងហើយពេល ឪតាមដល់កន្លែងហ្គេម ឃើញរហូត ជួនកាលឃើញអាបងទៅ ជួនកាលឃើញអាប្អូនទៅ ជួនកាលទៅរកបងឃើញប្អូន ជួនកាលទៅរកប្អូនឃើញបង 🤣 ទើបគាត់តែងតែលើករឿងបាត់កង់ និងរឿងទៅរកបងឃើញប្អូន មកបង្អាប់រហូត។ បើនិយាយទៅកាលហ្នឹងមិនទាន់ជីវភាពធូរធារដូចសព្វថ្ងៃ ហើយសព្វថ្ងៃក៏មិនធូរធារណាស់ណាដែរ តែគ្រាន់ជាងមុនបន្តិច 😂 ។ កាលនៅហ្គេមគ្មានហ្គេមលេងនៅផ្ទះ PS1 PS2 ដូចគេទេមានតែទៅលេងតាមទូរហ្គេមអ៊ីចឹង ក្មេងសម័យនេះគ្មានថ្ងៃយល់ទេ។ គេចសាលាទៅលេងហ្គេម ទាំងឪគំរាមវាយក៏មិនខ្លាចដែរ ពេលហ្នឹងសប្បាយណាស់គ្មានខ្លាចអ្វីទេ អោយតែបានលេង ពេលខ្លះអត់លុយលេង ម្ចាស់ហាងឃើញអាណិត អោយមួយកាក់មកលេងទៅ នឹកឃើញអរគុណម្ចាស់ហាងខ្លាំង 😭 ចិត្តល្អអោយលេង 😭 កុំអីអត់បានលេងទេទៅរៀនបាត់ហើយ 😂 ។ រហូតមកដល់ថ្នាក់ទី 9 ទើបខ្ញុំមាន PS1 មួយទឹកលេងហ្នឹងគេ កាលហ្នឹងសប្បាយណាស់លេងរាល់យប់ ។ បកទៅនិយាយត្រង់កន្លែងឪទៅតាមដល់ហាងលេងហ្គេម ពេលគាត់ចាប់បាន គាត់វាយផង កាត់លុយផង ព្រោះចង់អោយយើងល្អចង់អោយយើងមានចំណេះដឹង ចង់អោយយើងក្លាយជាបុគ្គលឆ្នើមមួយរូប តែយើងមិនដឹងអំពីបំណងល្អរបស់គាត់ ខឹងគាត់ មិនស្តាប់បង្គាប់គាត់ រហូតដល់ពេលធំដឹងក្តីពេញវ័យទើបដឹងថាអ្វីៗកាលដែលធ្វើនៅពីក្មេងសុទ្ធតែខុសគ្មានត្រូវមួយសោះ ។ បើពេលពេលវេលាអាចដើរថយក្រោយ ខ្ញុំមិនធ្វើខុសម្ដងទៀតទេ តែបើសិនជាពេលវេលាចេះតែបន្តទៅមុខ ខ្ញុំមានតែខិត្តកែច្នៃខ្លួនឯងអោយក្លាយជាកូនល្អមួយរូបជាគំរូដល់ប្អូនខ្ញុំ ខិតខំប្រដៅប្អូនៗកុំអោយធ្វើខុសដូចជាបងប្រុសរស់វា 😞 ។
   ជាចុងបញ្ចប់គ្មានពាក្យអ្វីច្រើនទេ គ្រាន់តែចង់និយាយថា កើតមកមួយជាតិធាតុមួយចាន គ្មាននណាម្នាក់ដែលមិនធ្លាប់ប្រព្រិត្តិខុសនោះទេ អ្វីដែលសំខាន់គឺយើងចេះភ្ញាក់រលឹកកែខ្លួនកុំអោយខ្លួនឯងលក់កាន់តែជ្រៅ ទៅមុខទៀត ហើយចង់និយាយថាគ្មានឪពុកម្តាយណាដែលមិនស្រលាញ់កូន ចង់ឃើញកូនខុសនោះទេ គាត់រករឿងស្ដីបន្ទោសគឺសុទ្ធតែចង់អោយកូនក្លាយជាមនុស្សល្អៗ 🥰 ៕

Saturday, May 18, 2019



  សួស្តី! ថ្ងៃនេះមកសរសេរអត្ថបទទៀតហើយ ហេហេថ្ងៃនេះចង់និយាយពីរឿង ពួកម៉ាកគេរៀបការជិតអស់ហើយ នៅតែយើងទេរកមិនទាន់ឃើញ 😅 មិនដឹងថាពេលណាជីវិតនៅលីវនេះបានបញ្ចប់ទេ 😭 អោយតែនឹកឃើញរឿងហ្នឹងចង់តែបោកក្បាលនិងពូកអោយស្លាប់ទេ ☹️😭 ។
   ជារៀងរាល់ឆ្នាំពួកម៉ាកចាប់ផ្តើមចូលរោងការម្តងមួយៗ តែឆ្នាំ2019 នេះខុសប្លែកជាងគេ ព្រោះថាមិត្តភក្តិរៀបការអស់ច្រើនមែនទែន បើរៀបរាប់ទៅមានដូចជា អាជ្រូកកន្ធាត់ ជា សេងអ៊ង , អារូណា , អាហុក ស្តេចហ្គេម , នៅមានមិត្តភក្តិស្លាប់រស់ ជា សាកល ក៏ចូលរោងការចោលខ្ញុំដែរ ☹️ ហើយបើនិយាយពីស្អែក ថ្ងៃទី 16 ខែ ឧសភា អាពួកម៉ាក ធា យូស៊ីវ ក៏រៀបការដែរ ហើយថ្ងៃទី 19 ប្អូនប្រុសដែលជាម៉ូយប្រចាំហាងក៏រៀបការដែរ ☹️ ខែ 6 មិត្តជិតស្និទ នៅក្នុង FACEBOOK កំពូលបុរសចិ្តល្អ បង រីអូ ក៏ចូលរោងការដែរ អស់ហើយជិតអស់ហើយនៅឡើយតែខ្ញុំរកគូរមិនទាន់ឃើញផងអោយការយ៉ាងម៉ិច 😳 ។

 ពួកម៉ាកគេថតរូបហើយៗ

បងរីអូនពួកម៉ាកខ្ញុំ

ហឹមមម បើនិយាយទៅដូចជាកំសត់ណាស់ ចាស់មិត្តភក្តិអ្នកម្តាយអោយតែចូលមកហាង ចូលមកលេងម៉ាក់គាត់តែងតែសួរថាពេលណាការកូន 🙄 ពេលណាមានចៅពនឹងគេ ហ៉ឺយយយ បើនិយាយអ្នកណាក៏ចង់រៀបការដែរតែរាល់ថ្ងៃខ្លួនចាស់ហើយតែបើនិយាយពីអត្តចរឹកវិញដូចនៅកូនក្មេងចឹង មិនទាន់ចេះគិតវែងឆ្ងាយ មិនទាន់ទាំងចេះគិតគូរពីខ្លួនឯ

ងផង អោយទៅយកប្រពន្ធដូចជាពិបាកដល់ហើយ ដឹងថារៀបការរួចរស់នៅចុះសំរុងគ្នាឬអត់ មិត្តភក្តិតែងតែប្រាប់ដែរថាកាន់តែចាស់ហើយល្មមដល់ពេលហើយ តែខ្ញុំដូចមិនទាន់ចង់បាន ហើយបើចង់បានមិនដឹងទៅរកឯណា 😑 ដឹងគេស្រលាញ់យើងអត់បើរាល់ថ្ងៃអត់មានការងារច្បាស់លាស់ផង។ អ្នកខ្លះចង់ការក៏ការ ធ្វើដូចស្រួលណាស់ ចំពោះខ្ញុំគឺគិតទៅវាជារឿងធំ មិនអាចថាចង់ធ្វើគឺធ្វើបានទេ សព្វថ្ងៃការងារមិនដឹងជាស្អី ហើយបើរៀបការដូចជាលេងសើចពេកហើយ។ ឃើញគេរៀបការមានកូន តាមពិតខ្លួនក៏ចង់ដែរ ចង់បានគ្រួសារមួយ ចង់បានភាពកក់ក្តៅថែមទៀត ព្រោះឃើញគេបានកូនមើលទៅរីករាយដល់ហើយ តែបើគេសួរថាចង់ការអត់ គឺឆ្លើយភ្លាម មិនគិតច្រើនទេគឺ ទេដាច់ខាត☹️ ខ្លាចយកមកឪពុកម្តាយក្មេកគេមើលងាយ ព្រោះឃើញគំរូស្រាប់ៗនៅនិងភ្នែកទៅហើយ។ ចុះអ្នកអានវិញរៀបការរួចហើយឬនៅ ហើយបើសិនជានៅតើចង់រៀបការនៅអាយុប៉ុន្មានដែរទៅ ។ ចាស់ៗគេថាត្រឹមអាយុ 25 ឆ្នាំអីល្មមរៀបការ 😳 តែចំណែកខ្ញុំបែបសុំត្រឹម 30ឆ្នាំ ទៅ 33ឆ្នាំ អីហើយមើលទៅហើយនឹងខិតខំព្យាយាមកែប្រែខ្លួនឯងអោយចាស់ទុំជាងនេះបន្តិចទើបបានប្រពន្ធមករស់នៅសុខសប្បាយចុះសំរុងគ្នា បើនិយាយពីរាល់ថ្ងៃស្លៀកពាក់ខោមិនខោ អាវមិនអាវ ហើយទៅរៀបការដូចជាលេងសើចពេកហើយ។ បើនិយាយដល់ថ្លៃបណ្តាកាវិញកាន់តែមិនបាច់និយាយទៀតហើយពីមុន 3000$ 5000$ គឺអាចរៀបការបានហើយ តែបើនិយាយពីសព្វថ្ងៃវិញ 10000$ ហើយមើលទៅ បើមិត្តភក្តិខ្ញុំវិញលឺថា 15000$ ទៀតណ៎ អ៊ីចឹងហើយបើទោះជាចង់រៀបការក៏មិនទាន់ហ៊ានប្រាថ្នាទេ អោយឪពុងម្តាយទៅខ្ចីលុយគេមករៀបការ ខ្ញុំមិនអាចធ្វើទៅបានទេមិនចង់ជំពាក់គេបន្ថែមទៀតទេ 😑 ព្រោះថាសព្វថ្ងៃនៅជំពាក់គេច្រើន សេដ្ឋកិច្ចលូវពិបាកណាស់ សុំ 3ឆ្នាំ ទៅ 5ឆ្នាំទៀតបានហ៊ានគិត។
   សរុបសេចក្តីមកខ្ញុំមិនទាន់ចង់រៀបការទេ 😔 ព្រោះខ្ញុំនៅមានកាតព្វកិច្ចច្រើនទៀតត្រូវបំពេញ ។ តែចំពោះអ្នកទាំងអស់គ្នាវិញ ខ្ញុំសុំលើកទឹកចិត្តអោយរៀបការនៅអាយុខ្ទង់ 25ឆ្នាំ ព្រោះពេលនេះជាពេលដែលអ្នករាល់គ្នាបានបញ្ចប់ការសិក្សារដោយជោគជ័យ ហើយថែមទាំងមានការងារធ្វើទៀត អាចគ្រាប់គ្រាន់នឹងចូលរោងការបានហើយ កុំអោយដូចខ្ញុំដល់ពេលកូនខ្ញុំរៀនចប់ ខ្ញុំប្រហែលជាអាយុ 50ឆ្នាំបាត់ហើយ។ អ៊ីចឹងសូមផ្តាំផ្ញើម្តងហើយ ម្តងទៀតងគួរតែរៀបការនៅមុនឬក៏អាយុ 25ឆ្នាំ អី៕

Monday, May 13, 2019


  សួស្តីមិត្តអ្នកអានជាទីស្នេហា! ខណៈពេលនេះខ្ញុំបាទ ដារ៉ា បានវិលត្រលប់មកបំរើអារម្មណ៍មិត្តអ្នកអាចបន្តទៀតហើយ 😂 ដោយឱកាសនេះខ្ញុំបាទសុំលើកយកនៅរឿងមួយដែលកើតឡើងជាង 2ខែ មកហើយអោយអ្នកទាំងអស់គ្នាអាន ❤️ ។
   ថ្ងៃនេះ ខ្ញុំចង់លើកយកនៅរឿងមួយហើយក៏មិននឹកស្មានដល់សំរាប់ខ្ញុំដែរ 😄 ។ គឺថាប្អូនខ្ញុំបានហៅខ្ញុំទិញម៉ាស៊ីនហ្គេមរបស់ SONY គឺ PSP ដែលជារបស់ប្រើប្រាស់ហើយក្នុងតំលៃត្រឹមតែ 15$ តែប៉ុណ្ណោះ 😁 ។ គេលក់ថោកអ៊ីចឹងហើយខ្ញុំដំបូងអត់ចង់ទិញទៀត ដោយសារពេលហ្នឹងមិនចង់ចាយលុយព្រោះកំពុងតែអត់ផង 😕 គិតចុះ គិតឡើងបាន 2ថ្ងៃ ខ្ញុំក៏សម្រេចចិត្តថាយកលុយម៉ាក់ចំនួន 60000 រៀល ទៅអោយគេ។ ការទិញ PSP នោះគឺទទួលបាននៅ ម៉ាស៊ីន PSP FAT 1000 មួយ ឆ្នាំងសាកមួយ និង Memory Card ទំហំ 16GB មួយ ប៉ុណ្ណឹងហើយខ្ញុំគិតច្រើនមិនចង់ទិញទៀត 🤪 ។

នេះហើយ PSP ដែលទិញតំលៃ 15$ 😅



ដល់ពេលដំណាលរឿងអោយស្តាប់ទៀតហើយ ការពិត PSP គឺស្រលាញ់តាំងពីនៅក្មេងនៅរៀនថ្នាក់ទី 10 ទី 11 ហើយកាលហ្នឹងស្រលាញ់ណាស់ ពេលនោះពេលវាកងធំថ្នាក់ទី 11 បន្ទាប់ពីទំនេរពីការសិក្សារខ្ញុំតែងតែមកហាងជួយលក់ម្តាយ ☺️ កាលនោះហាងយើងមិនធំទេតូចមួយ 😋 តែក៏មិនរកស៊ីបោកប្រាស់ភ្ញៀវដែរ។ ពេលដែលចេញពីរៀនខ្ញុំតែងតែមកបញ្ចូលចំរៀងនៅហាង កាលនោះរកបានដែរតែបើធៀបជាមួយពេលនេះសព្វថ្ងៃរកបានជាង 😁 កាលនោះចំរៀងមួយបទតំលៃ 500 រៀល 10បទតំលៃ 5000 រៀល អត់មានចុះមួយរៀលទេ 😂 បានពេញៗថ្លៃតែម្តង កាលនោះមនុស្សដូចជាដៃទូលាយណាស់ អ្នកខ្លះបញ្ចូលម្តងអស់ 20000 ទៅ 30000 រៀលក៏មានដែរ😍 បញ្ចូលយូរៗទៅខ្ញុំក៏សន្សំបានលុយ អាចល្មមទិញ PSP មួយ និង ទូរស័ព្ទមួយដែរគឺម៉ាក Sony Ericcson K810i គឺថាឡូយណាស់ជាប្រភេទ Cyber-Shot មុខងារវាផ្តោតខ្លាំងគឺទៅលើ Camera ដែលត្រឹមតែ 3.2 Mega Pixel ទេថតច្បាស់មែនទែន ថតចំលើយបាញ់តាម MMS ( Multimedia Message Service ) ចែកគ្នាមើលចំលង ឡើស្រួល 😂 កាលហ្នឹងបាញ់មួយសារអស់ 15 សេនល្មមប្រលងជាប់ 🤣 ។




 បកទៅកាន់ពេលទិញ PSP កាលហ្នឹងកាន់លុយ 300$ ទៅទិញពឹងបងប្អូនអោយជួយទៅទិញហើយក៏អរគុណគាត់ដែរ លោក សុវណ្ណច័ន តារា Drama លើ Facebook ហើយលូវ កាលហ្នឹងទៅទិញនៅផ្សារអូឡាំពិចវាជាបទពិសោធឈឺចាប់មួយដែលឆ្លងកាត់ គឺថាពិតជាឆោតមែនទែនទៅទិញរបស់គេហើយ អត់តហើយគេលក់ថ្លៃទៀត គិតៗទៅពិតជាភ្លើមែន 😡 តំលៃគេបិតនៅលើប្រអប់ត្រឹមតែ 220$ គេលក់អោយយើង 230$ ហើយគេប្រាប់ថាឥលូវឡើងថ្លៃ ចំណែក Memory Card 4GB តំលៃ 25$ គេលក់អោយ 30$ 😂 ថាឆោតហួស ឆោតមែនទែន។ កាលហ្នឹងហេតុថាទិញនៅផ្សារអូឡាំពិច ព្រោះស្គាល់ហើយបានចេញចូលច្រើនដងតែផ្សារមួយហ្នឹង មិនដែលបានស្គាល់ផ្សារទំនើបសូរិយាទេ កាលហ្នឹងដូចជាឆ្នាំ 2008។ បើនិយាយពីហ្គេមវាវិញកាលហ្មឹង ហ្គេមមួយបញ្ចូលតំលៃ 2$ ថ្លៃគួរសមដែរ ហើយជារៀងរាល់ថ្ងៃតែតែទៅឆែកមើលប្រព័ន្ធ Internet ស្វែងរកឈ្មោះហ្គេមថ្មីៗទើបចេញ ហើយសប្បាយព្រោះសម័យនោះមិនដូច ឥលូវទេទាញយកដោយខ្លួនឯងបាន ជាប្រចាំខែតែងតែទិញទស្សនាវដីទូរស័ព្ទ មកមើលព្រោះជារៀងរាល់ខែ វាតែងតែផ្សាយហ្គេម PSP ល្បីៗទៅបញ្ចូលច្បាស់ជាមិនខកបំណងទេ 😍 ។ ភ្លេចប្រាប់កាលហ្នឹងទិញ PSP SLIM លេខកូដ 2000 លេងស្រួលណាស់មិនសូវគាំងទេបើថ្មក៏កាន់ដែរ តែពេលដែលខ្ញុំបានសាកលេង PSP FAT ទើបខ្ញុំដឹងថា PSP FAT ល្អជាង មាំជាង ថ្មកាន់ជាង ធន់ជាង គ្រាន់តែរាងធ្ងន់បន្តិច តែវាចាញ់ PSP SLIM ត្រង់ថាវាមាន RAM តែ 32MB តែប៉ុណ្ណោះ ចំណែកឯម៉ូដែលប្រភេទ SLIM មាន RAM ដល់ទៅ 64GB អាចដំណើការហ្គេមបានស្រួលជាង ជាពិសេសពពួកហ្គេម PS1 និង ប្រភេទ EMULATOR របស់ NEO GEO ។

PSP FAT
 PSP SLIM  លេខកូដ 2000 ហ្នឹងដែលទិញកាលពីឆ្នាំ2008 បើចាំមិនខុសប្រហែលជាទិញ ខែ 8

PSP SLIM លេខកូដ 3000

 PSP Street នេះតំលៃធូថ្លៃជាងគេសំរាប់អ្នកដែលមិនសូវមានថវិកា
គឺវាគ្មាន WIFI និង សំលេង Stero ទេ

 PSP Go ក៏ស្អាតដែរ មាន Bluetooth មានទំហំផ្ទុកក្នុងម៉ាស៊ីនមកស្រាប់ 16GB
តែវាប្រើ កាត Memory M2 ខុសគេតំលៃក៏ថ្លៃ ស្រដៀង Memory Card របស់ PSVITA

 PSP Go ពេលដែលហូតចេញ

Memory Card: M2

Memory Card សំរាប់គ្រប់ PSP លើកលែងតែ PSP GO

បើនិយាយពីហ្គេមដែលពេលនោះអ្នកណាៗក៏ស្គាល់ដែរគឺ Midnight Club 3 , GTA Vice City Stories, God Of War , PES ជាហ្គេមបាល់ទាត់ដែលល្បីដែលកាលនោះមិនទាន់មានអ្នកស្គាល់ FiFa នៅឡើយទេ និងហ្គេមមួយទៀតដែលមិនអាចអត់បានគឺហ្គេមកីឡាកាស Smack Down vs Raw នឹកឃើញចង់តែលេងទៀតទេ ❤️ សុទ្ធតែជាហ្គេមល្បី ។ កាលនោះម្នាក់គេទិញទូរស័ព្ទថ្លៃៗ មានតែយើងទេកាន់ PSP អ៊ែមដែរហ្នឹង 😂 អេក្រង់ទំហំ 4.3 អ៊ីង ធំជាងអេក្រង់ Nokia N95 ដែលល្បីបំផុតមានទំហំត្រឹមតែ 2.8 អ៊ីងប៉ុណ្ណោះ ចំណែកហ្គេមលើទូរស័ព្ទក្នុងឆ្នាំ 2008 សុទ្ធតែជាកាកហ្គេម ទំហំហ្គេមមិនដល់ 1mb ផង 😂 តែមានហ្គេមទូរស័ព្ទខ្លះបានកំដរអតីតកាលខ្ញុំដែរហ្នឹង ជាពិសេស ហ្គេមដែលផលិតដោយក្រុមហ៊ុន GAMELOFT មកដល់សព្វថ្ងៃក៏ GAMELOFT នៅតែផលិតហ្គេមសប្បាយសំរាប់ទូរស័ព្ទដៃដដែលតែវាមិនដូចមុន ព្រោះ GAMELOFT មុខលុយ ធ្វើហ្គេមអោយលេងដោយឥតគិតថ្លៃហើយលក់របស់ប្រើប្រាស់ក្នុងហ្គេម ( In App Purchase ) ជំនួសវិញ និយាយអោយចំទៅគេហៅថាប្រព័ន្ធចំណាយដើម្បីឈ្នះ ( Pay2Win System ) អ្នកណាមានលុយខ្លាំងអ្នកអត់លុយអន់តាមហ្នឹងទៅ 😂 ។






   គិតថាដល់ទីបញ្ចប់ហើយ មានតែប៉ុណ្ណឹងទេមិនដឹងថាត្រូវនិយាយអ្វីអោយស្តាប់ទៀតទេ។ ពេលនេះខ្ញុំមាន PSP, PS Vita , ហើយមានទាំង New Nintendo 3DS XL ទៀតណ៎គ្រប់ឈុតវាហើយ នៅខ្វះតែ Nintendo SWITCH មួយទៀតទេគ្រប់ឈុតពេញតែម្តង 😍 ហើយក៏សង្ឃឹមថានៅពេលខាងមុខខ្លួនឯងអាចនឹងមានសម្ថភាពទិញ SWITCH មួយទៀតមកដាក់សារមន្ទីផ្ទាល់ខ្លួន 😂 ចំណែកឯ Nintendo 3DS វិញនឹងសរសេរអត្ថបទឆាប់ៗនេះហើយ ទុកជាកំណត់ហេតុសំរាប់ខ្លួនឯង ❤️ ។ ជំរាបលាអ្នកទាំងអស់គ្នា ជួបគ្នាអត្ថបទក្រោយៗទៀត❤️ ៕