BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Thursday, April 2, 2020


   សួស្តីអ្នកអានជាទីស្រលាញ់ ថ្ងៃនេះពេលនេះ ម៉ោងប្រហែល 1 រលង អធ្រាតហើយ ខ្ញុំគេងមិនលក់ទេ ។ ដេកយប់ៗជ្រៅណាស់ ប៉ុន្មានថ្ងៃនេះ ថ្ងៃខ្លះម៉ោង 1 យប់ ថ្ងៃខ្លះ ម៉ោង 2 ហួសទៅដល់ម៉ោង 3 យប់ក៏មានដែរ  ។ ហមម ប្រហែលមកពីខ្ញុំគិតច្រើនពេកហើយមើលទៅ បានជាយប់ឡើងដេកមិនសូវបានសោះ ហើយបើនិយាយពីព្រឹលឹមវិញ ពេលងើបមកក៏អារម្មណ៍មិនសូវល្អប៉ុន្មានដែរ 😓 ។

   ប៉ន្មានខែនេះប្រហែលជាខ្ញុំរងវិបិត្តច្រើនពេកហើយមើលទៅបានជា សុខភាពខាងផ្លូវចិត្តមិនសូវល្អបែបនេះ។ ខ្ញុំលូវប្លែកច្រើនណាស់ ខ្លួនឯងមិនដឹងជាស្អីទេរាល់ថ្ងៃ អារម្មណ៍មិនដឹងជារត់ចោលខ្លួនពីពេលណាមកទេ ភ្លេចច្រើនណាស់រាល់ថ្ងៃ គ្រាន់តែធ្វើអ្វីប៉ុន្មាននាទីមុនក៏ខ្ញុំមិនចាំផង 😵 ចំណែកឯនិសិត្សខ្មែរឈ្មោះ ហុង ភារិន ដែលនៅថៃ គេចាំប្រតិទិនដល់ទៅរាប់រយឆ្នាំ 😲 បើឯងវិញប៉ុន្មាននាទីមុនធ្វើអីក៏មិនចាំដែរ 😂 ។ និយាយរួមទៅសព្វថ្ងៃខ្លួនឯងដូចរល់ៗចឹង ឆាប់ភ្លេច ច្រលំច្រើន ខ្វល់ខ្វាយច្រើន បូករួមនិងជំងឺ Covid-19 វាយលុយផងធ្វើអោយហាងរកចំណូលបានតិច ស្ថានភាពពេលនេះគឺពិតជាវាយលុយផ្នែកផ្លូវចិត្តមែនទែន ។

កាលព្រឹកម៉ិញ មានភ្ញៀវមកជួសជុលទូរស័ព្ទនៅហាងខ្ញុំ ជួសជុលរួចត្រូវគិតតំលៃ 13 ម៉ឺនរៀល ខ្ញុំបែរជាគិតលុយពីភ្ញៀវតែ 11 ម៉ឺនរៀល ។ ហើយពេលខ្លះភ្ញៀវគេអោយលុយម៉ិញៗសោះហ្នឹងក៏ខ្ញុំអត់ចាំថា គេអោយលុយឬមិនទាន់អោយទេ 😢 ។ ខ្ញុំពិតជាបារម្ភពីស្ថានភាពខ្លួនឯងពេលនេះមែនទែន មិនដឹងថានិយាយប្រាប់អ្នកណាទេ មានតែមកទីនេះសរសេរអត្ថបទបន្ធូអារម្មណ៍ ។ ពេលខ្ញុំសរសេរអត្ថបទចេញបានមួយៗ ខ្ញុំមានអារម្មណ៍ថាដូចបានស្រែកប្រាប់ពិភពលោកអំពីទុក្ខកង្វល់របស់ខ្ញុំអ៊ីចឹង ទោះពេលនេះមិនអ្នកចូលអាន ក៏ខ្ញុំពេលចិត្តហ្នឹងសរសេររឿងរាវទាំងឡាយចូលក្នុង Blog ដែរ ។

ប្រហែលជាមួយអាទិត្យទៅពីរអាទិត្យហើយ ពេលយប់ខ្ញុំគេមិនសូវស្កប់ទេ មួយថ្ងៃគេងបានតែ 3 ទៅ 4 ម៉ោងអីទេ ។ ចំណែកឯពេលងើបមកវិញវាអារម្មណ៍ថាស្មុកស្មាញ ដូចមិនស្រលះក្នុងចិត្តសោះ ចំណែកពេលថ្ងៃវិញ ពិតជាងងុយគេមែនទែន ។ ហឺយយ បើបន្តបែបនេះទៀតមិនដឹងថាខ្លួនឯងអាចរស់បានយូរប៉ុណ្ណាទេ 😫 ។

តាំងពីមានបញ្ហាជំងឺ Covid-19 នោះកើតមកស្ថានភាពសេដ្ឋកិច្ចហាងខ្ញុំពិតជាធ្លាក់ចុះមែនទែន ។ សព្វថ្ងៃនេះការលក់មិនសូវជាដាច់ទេ ថ្ងៃខ្លះលក់បាន ថ្ងៃខ្លះទៀតលក់មិនសូវបាន ថ្ងៃខ្លះទៀតសឹងតែអត់មានភ្ញៀវចូលតែម្តង ។ ដល់ជួបបញ្ហាផ្ទួនៗអ៊ីចឹង វាពិតជាធ្វើអោយខ្ញុំលំបាកមួយតង់បន្ថែមទៀត ដើម្បីធ្វើដំណើរលើជីវិតមួយនេះបន្តទៀត ក្តីស្រម៉ៃពេលនេះមិនមានអ្វីច្រើនោះទេ គឺសុំត្រឹមតែសងលុយធនាគាអស់ទៅបានហើយ 😢 សព្វថ្ងៃនេះខ្ញុំនៅមានភារៈកិច្ចរហូតដល់ឆ្នាំ 2030​ ដូច្នេះហើយខ្ញុំមិនអាចបាក់ទឹកចិត្តបានទេ ខ្ញុំត្រូវតែរិះរកវិធីសាស្ត្រ ក៏ដូចជាមធ្យោបាយដើម្បី សង្គ្រោះស្ថានការដ៏អាក្រក់មួយនេះ ។

តើពេលនេះខ្ញុំគួរដើរតាមផ្លូវណា ប្រើយុទ្ធសាស្ត្របែបណា ទើបអាចជួយសង្គ្រោះខ្លួនឯងពីអ្វីដែលកំពុងជួប ? តើខ្ញុំគួរតែទៅបន់ព្រះ សំពះទេពតា ឬក៏ខ្ញុំត្រូវខិតខំដោយសមត្ថភាពខ្លួនឯង ។ រាល់ថ្ងៃនេះអាយុជិត 30 ឆ្នាំហើយ ប៉ុន្តែគំនិតវិញដូចក្មេងអាយុ 10 ឆ្នាំ អ៊ីចឹង ។ បើអ្នកទាំងអស់គ្នាស្រលាញ់ រាប់អានខ្ញុំ ជួយបង្ហាញផ្លូវអោយខ្ញុំផង ដើម្បីអោយខ្ញុំបន្តដំណើរជីវិតមួយនេះបន្តទៀត ៕

Wednesday, April 1, 2020


   សួស្តីមកទៀតហើយ ដោយសារតែយប់នេះទំនេរពេក ក៏លើកយករឿងចាស់ មកសរសេរលេងទុកជាកំណត់ហេតុសំរាប់អានលេងនៅថ្ងៃក្រោយ 🙂 ។ ថ្ងៃចង់លើកយករឿងទិញ PS4 មកនិយាយម្តង។
   PS4 ជាម៉ាស៊ីនហ្គេមទី 6 ដែល SONY បានបញ្ចេញលក់នៅខ្ទង់ឆ្នាំ 2014 ហើយខ្ញុំទិញវានៅឆ្នាំ 2017 ខែ 4 ថ្ងៃទី 26 ហេតុអ្វីបានខ្ញុំចាំច្បាស់យ៉ាងនេះ ព្រោះថ្ងៃដែលខ្ញុំទិញ PS4 គឺជាថ្ងៃដែលលោកយាយជាទីស្រលាញ់របស់ខ្ញុំ បានលាចាកឆ្ងាយពីខ្ញុំ លាជារៀងរហូត គឺសល់ត្រឹមតែអនុស្សាវរីយ៍តែប៉ុណ្ណោះ ។





តាំងយាយខ្ញុំចាកឆ្ងាយពីខ្ញុំមក រូប Profile និង Cover គឺបែបនេះរហូត
ខ្ញុំមិនដែល ហើយក៏មិនប្តូរដែរ

មុនថ្ងៃនោះប្រហែលជាមួយថ្ងៃ ឬក៏ពីរថ្ងៃខ្ញុំនឹកចង់ទិញ PS4 លេង គិតហើយប្រហែលជាស្អែកឬក៏ខានស្អែក ក៏ Order ទិញតែម្តង កាលហ្នឹងខ្ញុំទិញ PS4 Slim ពណ៌ ស ហើយទិញទំហំ HDD ដល់ទៅ 1TB តែម្តង មិនដឹងយ៉ាងម៉េចដែរអោយតែខ្ញុំទិញអ្វីមួយគឺខ្ញុំទិញយកតែអាកប់សេរីតែម្តង កាលដែលខ្ញុំទិញ អា PS4 Slim 1TB ហ្នឹង វាកប់សេរីហើយ ក្រៅពីហ្នឹងគេលក់តែអាទំហំ 500GB ទេ តែមានអាមួយទៀតគឺកប់ជាងហ្នឹងទៀតគឺ PS4 Pro អាហ្មឹងទំហំមលស្រាប់វាគឺ 1TB តែម្តងហើយ មកឆ្នាំ 2019 នេះគេចេញដល់ 2TB ហើយ ។ ដោយសារតែខ្ញុំគ្មាន 4K TV ទើបខ្ញុំមិនទិញ អា Pro ព្រោះតែវាអត់ប្រយោជន៍អ្វីផងទូរទស្សន៍យើងត្រឹមតែ 1080p ទិញ 4K មករកអី 😒 ។

 ព្រឹកឡើងខ្ញុំទិញ ថ្ងៃឡើងខ្ញុំទទួលដំណឹងថា យាយខ្ញុំខូចហើយ 😔



ហ្គេមដែលទិញលេងដំបូងគេ គឺ Uncharted 4 និង Just Dance 2017


នេះជាហ្គេមដែលទិញបន្ទាប់មាន Infamous Second Son និង Fifa 17

 កាលទិញនោះមិនមែនត្រឹមតែ PS4 ទេ ខ្ញុំទិញទាំង Camera និងទិញថែមដៃបញ្ជា ( Controller ) វាទៀតទិញ Accessories វាអោយគ្រប់គ្រឿងតែម្តង កុំអោយខ្វះនេះខ្វះនោះដូចកាលដែលទិញ PS3 ចង់លេងហ្គេម PS Move ក៏អត់បាន ចង់លេងហ្គេមជាមួយប្អូនក៏អត់បាន លើកនេះទិញគ្រប់គ្រឿងតែម្តង កាលហ្នឹងដូចជាអស់ខ្ទង់ 489$ ព្រោះទិញទាំងហ្គេម 2 ទៀតគឺ Just Dance 2017 និង Uncharted 4 A Thief End វគ្គបញ្ចប់ ។


កាលនោះគ្រាន់តែ Order គេចប់ភ្លាមមិនទាន់ទាំង វេលុយអោយគេផង ដំណឹងតក់ស្លុតមួយក៏បានមកដល់គឺតាប្រាប់ថា យាយឯងគាត់ស្លាប់ហើយ 😞 យាយគាត់ខូចទៅទាំងអណោចអាធម្មណាស់ សល់តែស្បែកនិងឆ្អឹង ទំរង់មុខមិនពេញលេញ 😞 ព្រោះមុខគាត់បានខូចដោយសារតែជំងឺមហារីកម៉ាត់ ។ លោកយាយជាមនុស្សតស៊ូ និង អត់ធ្មុត់ណាស់ ពេលដែលគាត់ដឹងដំណឹងថាគាត់កើតជំងឺមហារីក គាត់មិនបានបញ្ចេញអាការៈតក់ស្លុតអោយយើងព្រួយបារម្ភអំពីគាត់ទេ គាត់នៅតែញញឹមនៅពេលដែលជួបយើង គាត់សុខចិត្តទ្រាំមិនដែលស្រែកថាឈឺនៅនិងមុខពួកយើងទេ លោកយាយជាអ្នកតស៊ូដ៏អស្ចារ្យបំផុត ទោះជាគាត់ឈឺខ្លាំងយ៉ាងណា ខ្លាំងប៉ុណ្ណា លោកយាយនៅតែទ្រាំ នៅតែព្យាយាមចង់ជា គាត់មិនដែលហាមាត់ថាគាត់ចង់ស្លាប់ទេ គាត់មានតែនិយាយថា គាត់ចង់រស់បន្ត ចង់នៅមើលថែកូនចៅបន្តទៀត គាត់ចង់ឃើញមុខចៅដែលជិតហ្នឹងកើតទៀត គាត់ចង់ចូលរួមពិធីការក្មួយគាត់ តែអ្វីៗមិនដូចគាត់គិតទេ ការតស៊ូរបស់គាត់ត្រូវបានបញ្ជប់ ហេតុអ្វីជំងឺកាចសាហាវមួយនេះ ធ្លាក់មកលើគាត់ ធ្លាក់មកលើមនុស្សល្អ អ្នកជិតខាងល្អ ជាម្តាយដ៏ល្អ ជាលោកយាយដ៏អស្ចារ្យ អ៊ីចឹង ។

 ហមមម ទោះជាលោកយាយឈឺប៉ុណ្ណាគាត់នៅតែព្យាយាមញ៉ាំថ្នាំ គាត់ខំតស៊ូអស់រយៈពេលជាង 10 ខែ យើងដឹងហើយជំងឺមហារីកជាជំងឺ កាចសាហាវខ្លាំង គ្មានណាម្នាក់ស្លាប់ទៅដោយស្រស់ស្អាតទេ ។ យាយខ្ញុំមហាហរីកមាត់គាត់ពិសារអ្វីមិនបានទេ គាត់ពិសារបានតែទឹកបបរបន្តិចបន្តួច តែប៉ុណ្ណោះរយៈពេលជាង 10 ខែ គាត់មិនអាចពិសារអ្វីបានទេក្រៅពីទឹកបបរ គាត់បានពោលពាក្យថា បើសិនជាម៉ាក់ ជាយាយជា យាយនឹងហូបអោយឆ្ងាញ់ៗម្តង យាយឃ្លានណាស់ ហូបអោយណាណីម្តង លឺហើយអាណិតលោកយាយខ្លោចចិត្ត 😓 គាត់ឈឺមាត់ គាត់ឃ្លាន តាំងពីឈឺ ឈឺខ្លាំងណាស់ មានតែពេលដែលគាត់គេងលក់ទេទើបអាចអោយគាត់ភ្លេចនៅការឈឺចាប់ដ៏វេទនាពន់ពេកនេះបាន រហូតដល់គាត់ខូច សល់តែស្បែកដណ្តប់ឆ្អឹង ។


នេះហើយជារូបយាយខ្ញុំពេលដែលគាត់ខូច 😓

 អ្នកសាកសម្រៃមើល បើសិនជាអ្នកមួយថ្ងៃៗ ហូបបានតែ ទឹកបបរត្រឹមតែ 2 3ម៉ាត់រហូតរយៈពេល 10 ខែ តើរូបរាងអ្នកវិវឌ្ឍន៍ទៅជាបែបណា ។ មនុស្សម្នាក់ដែលខំតស៊ូបែបនេះ តស៊ូរហូតដល់ថ្ងៃបញ្ចប់ដែលមិនដែលពោលពាក្យថាចុះចាញ់ ហេតុអ្វីវាសនាមិនផ្តល់នៅអភូហេតុមួយអោយគាត់ ដើម្បីអោយគាត់បាននៅមើលថែកូនជាទីស្រលាញ់ ចៅជាទីស្រលាញ់របស់គាត់បន្តទៀត 😞 ។ នៅថ្ងៃដែលយាយខូច ចៅយំខ្លាំងណាស់  យំរហូតដល់អ៊ីមកប្រាប់ថា ឈប់យំទៅក្មួយ យាយគាត់ទៅហើយ គាត់ផុតកម្មពាគាត់ហើយ គាត់លែងរស់នៅទាំងវេទនាទៀតហើយ យប់ឡើយខ្ញុំនៅគេងក្បែរសពយាយ ជូនដំណើរយាយលើកចុងក្រោយ 😞 ។

    អនុស្សាវរីយ៍ ថ្ងៃទិញ PS4 ជាថ្ងៃដ៏ជូចត់បំផុត មិនអាចបំភ្លេចបាន ពេលខ្លះពិតជានឹកលោកយាយខ្លាំងណាស់ ពេលចៅមានជំងឺ មានបញ្ហា គឺតែងតែមានលោកយាយនៅក្បែរជួយថែរក្សារ និងលើកទឹកចិត្តចៅគ្រប់ពេលវេលា ពេលនេះយាយទៅហើយចៅមានតែខំប្រឹងដើរទៅមុខបន្ថែមទៀត ។ ចៅចង់ប្រាប់ថា ចៅស្រលាញ់លោកយាយខ្លាំងណាស់ 😔 ៕