BAYMAX 23

រៀបរាប់ រឿងរាវដែលកើតឡើងជារៀងរាល់ថ្ងៃ

Monday, July 31, 2017


   សួស្តីអ្នកទាំងអស់គ្នា! សុខសប្បាយទេថ្ងៃនេះ ? ថ្ងៃនេះវិញ ខ្ញុំសុខសប្បាយទេ ចំណែកឯផ្លូវចិត្តវិញមិនសូវជាសុខទេ ព្រោះថ្ងៃនេះជាថ្ងៃបុណ្យគំរប់100ថ្ងៃ របស់លោកយាយរបស់ខ្ញុំ :) ។
   ថ្ងៃនេះនៅផ្ទះ និងហាងគឺស្ងាត់ណាស់ ដោយសារតែម៉ាក់និងប្អូនទៅចូលរួមពិធីបុណ្យខួបគំរប់ 100 ថ្ងៃយាយរបស់ខ្ញុំ ចំណែកលោកប៉ា និងប្អូនខ្ញុំមិនបានទៅចូលរួមទេ ដោយសារតែជាប់បំពេញបេសកម្មនៅឯទីក្រុងភ្នំពេញ រីឯខ្ញុំវិញក៏មិនបានទៅចូលរួមផងដែរ ដោយម៉ាក់គាត់អោយនៅចាំហាង ព្រោះថាយើងមិនអាចបិទហាងបានទេព្រោះយើងត្រូវការរកប្រាក់ដើម្បីសងបំណុលគេ :)។
   លោកយាយគាត់បានស្លាប់នៅថ្ងៃទី 26 ខែ មេសា ឆ្នាំ 2017 បន្ទាប់ពីការតស៊ូជាមួយជំងឺមហារីកម៉ាត់អស់រយៈពេលជាច្រើនខែ :( ។ លោកយាយជាមនុស្សល្អ មានសាច់ញាតិច្រើន មានកូនធម៌ច្រើនតែមិនដឹងអកុសលអ្វីជំងឺដ៏កាចសាហាវមួយនេះ បានធ្លាក់មកលើគាត់ ខ្ញុំជាចៅមិនអាចជួយអ្វីបានក្រៅពីទៅសួរសុខទុក្ខលោកយាយ នៅឯស្រុកក្រគរ ក្នុងកំឡុងពេលដែលលោកយាយឈឺខ្ញុំមិនបានទៅសួរសុខទុក្ខគាត់ និងមើលថែគាត់បានច្រើនទេ បើគិតទៅប្រហែលជាបានត្រឹមតែ4 ដងប៉ុណ្ណោះហើយលើកចុងក្រោយ គឺនៅថ្ងៃចូលឆ្នាំខ្មែរ គាត់មានសភាពទន់ខ្សោយ និងស្គមសល់តែស្បែកនិងឆ្អឹង ព្រោះគាត់មិនអាចហូបអ្វីបានទេ មួយថ្ងៃៗ បានហូបតែទឹក និងបាយមួយម៉ាត់តែប៉ុណ្ណឹង។ ដោយសារតែជំងឺកាន់តែខ្លាំងវាដំបៅម៉ាត់គាត់ធំទៅៗ រហូតទាល់តែនិយាយលែងលឺ លឺតែខ្យល់ទេ ខ្ញុំពិតជាអាណិតលោកយាយខ្លាំងណាស់ :( ។
   ក្នុងឱកាសបុណ្យខួបគំរប់100 ថ្ងៃចៅជូនពរអោយលោកយាយទៅកាន់សុគតិភព និងជាតិណាណា កុំជួបជំងឺកាចសាហាវដូចជាតិនេះទៀត។ ចៅសុំប្រាថ្នាកើតជាចៅលោកយាយគ្រប់ៗជាតិ ចៅស្រលាញ់លោកយាយខ្លាំងណាស់ :) ៕